គ្រឿង​ញៀន​ ជាង​២​តោន អណ្ដែត​លើ​សមុទ្ទ​អ៊ីតាលី​

ប្រទេស​អ៊ីតាលី៖ ពិត​ជា​ចម្លែក​មែន! គ្រឿង​ញៀន​​មិន​ដឹង​មក​ពី​ណា​អណ្ដែត​ត្រៀប​​ត្រា​នៅ​លើ​ផ្ទៃ​សមុទ្ទ​អ៊ី​តាលី! សមត្ថកិច្ច​​​អះ​អាង​ថា​ពួក​គេ​ប្រទះ​ឃើញ​គ្រឿង​ញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់​មិន​ក្រោម​២​តោន​នោះ​ទេ​ បើ​គិត​ពី​តម្លៃ​លក់​នៅ​លើ​ទី​ផ្សារ​ងងឹត​ប្រមាណ​៤រយ​លាន​អឺរ៉ូ។​ គ្រឿង​ញៀន​ទាំង​នេះ​​បាន​អណ្ដែត​​គួរ​ឱ្យ​ឆ្ងល់​នៅ​លើ​តំបន់​មាត់​សមុទ្ទ​នៃ​កោះ​ស៊ីស៊ីលី​ (Sicily)។

គ្រឿង​ញៀន​ទាំង​នេះ​​​​នៅ​​ស្អាត​ល្អ​ណាស់​ព្រោះ​វេច​ខ្ចប់​យ៉ាង​មាន​របៀប​រៀប​រយ​ឥត​មាន​ចូល​ទឹក​សមុទ្ទ​ទេ​។ សមត្ថកិច្ច​សន្និ​ដ្ឋាន​ថា​ទំនង​ជា​គ្រឿង​ញៀន​​ទាំង​នេះ​​ត្រូវ​កប៉ាល់​ដឹក​ទំនិញ​​ដឹក​យក​ទៅ​ទម្លាក់​ចោល​តាម​ផ្លូវ​ធ្វើ​ដំណើរ​។ បន្ទាប់​មក​ ក្រុម​រក​ស៊ី​គ្រឿង​ញៀន​​​​មិន​ចាំ​បាច់​តក់​ក្រហល់​ពេក​ទេ​។ ពួក​គេ​​នឹង​រង់​ចាំ​ឱកាស​ល្អ​ដើម្បី​​​ដឹក​​យក​ទៅ​ចែក​ចាយ​ឱ្យ​ម៉ូយ​របស់​ពួក​គេ​។​

សមត្ថកិច្ច​​អ៊ីតាលី​ចាត់​ទុក​ថា​នេះ​ជា​ការ​រឹប​អូស​គ្រឿង​ញៀន​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ ​ជា​មួយ​នឹង​កូកាអ៊ីន​ចិត​សិប​កញ្ចប់​ធំ​​ ដែល​ត្រូវ​គេ​ចង​ស្រាក់​ខ្សែ​យ៉ាង​មាំ​ទាំ​។​ នៅ​ពេល​គេ​យក​កញ្ចប់​ទាំង​នេះ​​ទៅ​ស្រាយ​ខ្សែ​ចេញ​ និង​លា​​មើល​​, គេ​ឃើញ​​​គ្រឿង​ញៀន​​១ពាន់ ៦​រយ​កញ្ចប់តូច​ៗ​​​។ សូម​ជម្រាប​ថា​ថ្វី​ដ្បិត​កោះ​ស៊ីស៊ីលី​​ជា​តំបន់​កាន់​កាប់​​​របស់​ក្រុម​ម៉ាហ្វៀ​​​កូសា ណូស្ត្រា​​(Cosa Nostra)​​​, ប៉ុន្តែ​ក្រុម​ម៉ាហ្វៀ​ដែល​ខ្លាំង​ និង​មាន​លុយ​ច្រើន​ជាង​គេ​គឺ​ក្រុម​​អឹន​ដ្រាន់​ហ្គេតា (’Ndrangheta)​​។
​តំបន់​វ៉ាង​ទី​របស់​​ពួក​គេ​​ស្ថិត​នៅ​​​កាឡាប្រៀ (Calabria) ​​តាម​បណ្ដោយ​ច្រក​សមុទ្ទ​​មេស៊ីណា​ចុះ​ពី​កោះ​ស៊ីស៊ីលី​។​ ក្រុម​នេះ​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​គគ្រឹក​គគ្រេង​ និង​កាន់​កាប់​ស្ទើរ​តែ​ផ្ដាច់​មុខ​នូវ​កូកាអ៊ីន​ដែល​​ដឹក​ជញ្ជូន​ទៅ​​​ទ្វីប​អឺរ៉ុប​។ ​នៅ​ក្នុង​ករណី​គ្រឿង​ញៀន​អណ្ដែត​ទឹក​នេះ​,​ សំណាញ់​របស់​អ្នក​នេសាទ​ត្រី​ជា​អ្នក​ជួយ​សម្រួល​ដល់​ការ​អូស​ទាញ​ទៅ​មាត់​ច្រាំង​។
នៅ​ក្នុង​កញ្ចប់​ទាំង​នេះ​មាន​បំពាក់​ឧបករណ៍​កំណត់​ទី​តាំង​។ ​យន្ត​ហោះ​ស៊ើប​ការណ៍​​តាម​សមុទ្ទ​​​​ជា​អ្នក​រក​ឃើញ​​កញ្ចប់​គ្រឿង​ញៀន​ទាំង​នេះ​មុន​គេ​​, ហើយ​ក៏​បាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​។​ ដោយ​យោង​ទៅ​តាម​ការ​វេច​ខ្ចប់​យ៉ាង​ស្អាត​ល្អ​នៅ​ក្នុង​កញ្ចប់​ផ្លាស្ទិច​ដើម្បី​ការ​ពារ​ការ​ជ្រាប​ទឹក​ និង​ការ​បំពាក់​ឧបករណ៍​​នៅ​នឹង​កញ្ចប់​គ្រឿង​ញៀន​សម្រាប់​គ្នី​គ្នា​របស់​ពួក​គេ​ងាយ​ស្រួល​ស្វែង​រក​ទីតាំង​បែ​បនេះ​, សមត្ថកិច្ច​សន្និដ្ឋាន​ថា​ទំនង​ជា​គ្រឿង​ញៀន​ទាំង​នេះ​​មិន​មែន​ត្រូវ​ក្រុម​ខិល​ខូច​​​បោះ​ចោល​ទេ​។
​ទំនង​ជា​យុទ្ធ​សាស្ត្រ​ថ្មី​របស់​ពួក​គេ​។ មុន​ដំបូង​ពួក​​គេ​ឱ្យ​កប៉ាល់​ដឹក​​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ៗ​មាត់​សមុទ្ទ​​សិន​។​ បន្ទាប់​មក​ ​ពួក​គេ​នឹងចាត់​គ្នា​របស់​គេ​ដើម្បី​ទៅ​ស្រង់​យក​​គ្រឿង​ញៀន​អណ្ដែត​ទឹក​នោះ​ដាក់​​ទៅ​លើ​​​គោក និង​ដឹក​ជញ្ជូន​ដោយ​លួច​លាក់​ដើម្បី​ចែក​ចាយ​បន្ត​​។ ​​ពួក​គេ​អាច​រក​ឃើញ​​គ្រឿង​ញៀន​ទាំង​នេះ​​ដោយ​មិន​ពិបាក​ ព្រោះ​​មាន​​បំពាក់​ឧបករណ៍​កំណត់​ទី​តាំង​​​។
​ប្រហែល​ជា​គី្ន​គ្នា​របស់​ពួក​គេ​ចង់​រង់​ចាំ​​ពេល​វេលា​ល្អ​​។​ អាច​ថា​រង់​ចាំ​ដល់​​ពេល​យប់ ឬ​រង់​ចាំ​បក្ស​​របស់​ពួក​​គេ​​រៀប​ចំ​សម្រួល​​ផ្លូវ​​ និង​ត្រៀម​ឡាន​សម្រាប់​ដឹក​​ជញ្ជូន​ឱ្យ​បាន​រួច​រាល់​សិន​។ បន្ទាប់​មក​ ពួក​គេ​​​នឹង​ស្រង់​​​យក​​​គ្រឿង​ញៀន​​​ចេញ​​ពី​​ក្នុង​​​សមុទ្ទ​។​ ​​ប៉ុន្តែ​លើក​នេះ​ពួក​គេ​ស៊យ​ធំ និង​ខាត​បង់​មិន​ស្ទើរ​ទេ​ព្រោះ​​សមត្ថកិច្ច​​​រក​ឃើញ​​ និង​រឹប​អូស​ទំនិញ​របស់​ពួក​គេ​ដោយ​មិន​បាច់​ប្រឹង​៕​
ប្រភព៖ The Strait Times, DW
Powered by Blogger.