បញ្ចប់ភាពចម្រូងចម្រាសនៃការប្រកួតរវាងឈឿង ល្វៃ និងកីឡាករថៃ ខណៈលោកស្រី ចាន់ថន ថាគុនខ្មែរនឹងផ្លាស់ប្ដូរក្នុងពេលឆាប់ៗ

ភាពចម្រូងចម្រាសនៃការប្រកួតរវាងកីឡាករគុនខ្មែរ ឈឿង ល្វៃ និងកីឡាករថៃ សាមី នៅសង្វៀនគ្រុឌគុនខ្មែរខេត្តសៀម​រាប ត្រូវបានបិទបញ្ចប់ ក្រោយកិច្ចប្រជុំរយៈពេលជាងបួនម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ ខណៈអនុប្រធានកិត្តិយសសហព័ន្ធជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្ដូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ក្រោយកិច្ចប្រជុំសហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ចេញ​គោល​ការណ៍​៤​ចំណុច​ ដើម្បី​ពង្រឹង​គុណភាព​ប្រដាល់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​​​មាន​ការ​​រិះគន់​ចំពោះ​ការ​ប្រកួត​​ប្រដាល់​គុន​ខ្មែរ​ជា​មួយ​កីឡាករ​ថៃ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប។ គោល​ការណ៍​សំខាន់​ៗទាំង៤​ចំណុចរួមមាន៖ ទី១. អនុវត្តបទ​បញ្ជា​ការ​ប្រកួត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ទី២. ប្រកាស​ឱ្យ​ច្បាស់​លាស់​នូវ​លក្ខន្តិកៈ​នៃ​ការ​ប្រកួត ជា​ពិសេស​ចំនួន​ទឹក​​ដល់​កីឡាករ កីឡាការិនី និង​មហាជន​ឱ្យ​ជ្រាប​ច្បាស់។ ទី៣. ធ្វើ​ការ​ពង្រឹង​សមត្ថភាព​របស់​អាជ្ញា​កណ្តាល ចៅ​ក្រម​ដែល​ដឹក​នាំ​ការ​ប្រកួត​បន្ថែម​ទៀត។ ទី៤. គ្រប់គ្រង និង​ថែទាំ​អត្តពលិក​ជម្រើស​ជាតិ​ឱ្យ​បាន​ល្អ​សម្រាប់​​ត្រៀម​ប្រកួត​កីឡា​​ស៊ីហ្គេម​​ខាង​មុខ​នេះ។

គោលការណ៍ណ៍​ខាង​លើ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពីអាជ្ញា​កណ្តាល​​ដឹក​នាំ​ការ​ប្រកួត​​លោក ជា រិទ្ធ​ លើ​គូ​ ឈឿង ល្វៃ និង​កីឡាករ​ថៃ Sammy ​ដែល​​ត្រូវ​បាន​មហា​ជន​រិះ​គន់។ ​ការ​ប្រកួត​របស់កីឡាករ កីឡាការិនី​គុន​ខ្មែរ និង​ឃីកបុក​ស៊ីង​ជម្រើស​ជាតិ​​ញឹក​ញាប់​ពេក ​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម ក៏​ដូច​ជា​ចំនួន​ទឹក​នៃ​ការ​ប្រកួត​ដែល​​​​គូ​ខ្លះ​ប្រើ​៣​ទឹក ​គូ​​ខ្លះ​ប្រើ​៥​ទឹក។ ទន្ទឹមការចេញគោលការណ៍ទាំង៤នេះ អនុប្រធានកិត្តិយស់សហព័ន្ធប្រដាល់គុនខ្មែរ លោកស្រី ចាន់ថន បានសរសេរនៅលើហ្វេសបុកថា «ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្ដូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឱ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ»

លោកបន្ថែមថា «បងប្អូនគុនខ្មែរ គឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា។ ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានភារកិច្ចក្នុងការ ថែរក្សា ការពារ អភិរក្ស និងលើកស្ទួយគុនខ្មែរឱ្យដល់កម្រិតពិភពលោក។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនឹងខិតខំតស៊ូបន្តទៀតដើម្បីឱ្យពិភពលោកស្គាល់គុនខ្មែររបស់យើង។ ហើយវត្តមានរបស់បងប្អូនទាំងអស់គ្នាបានធ្វើឱ្យខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំងខ្លា ពោលគឺមិនមានពេលណាដែលខ្ញុំធ្វើការងារគុនខ្មែរហើយអស់កម្លាំងឡើយ បងប្អូនគឺជាកម្លាំងចិត្តរបស់ខ្ញុំ ខណៈពេលដែលគុនខ្មែរគឺជាមរតកដូនតាដ៏អស្ចារ្យសម្រាប់ខ្ញុំ»៕

Powered by Blogger.