សប្បាយក្លាយ ជាទុក្ខ ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ បានលង់ទឹកសមុទ្រ នៅជិតផ្សារក្តាមក្នុងក្រុងកែប


ខេត្តកែប៖ ហេតុការណ៍ក្មេងប្រុសម្នាក់លង់ទឹកសមុទ្រហើយបាត់ខ្លួន នៅឆ្នេរថ្មី ខាងជើងផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤នឹង៤៥នាទី ត្រូវបានកងកម្លាំងសមត្ថកិច្ចសហការស្វែងរកឃើញហើយ។

គួរបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានមកលេងកម្សាន្តខេត្តកែប ចំណុចកើតហេតុខាងលើ ក្រោយជួបជុំគ្នាញាំបាយរួចជនរងគ្រោះនិងបងប្អូន២នាក់ទៀតបានចុះលេងទឹកសមុទ្រមាន ទី១ ឈ្មោះ ម៉ៅ សុខគា ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស ទី២ ឈ្មោះ ម៉ៅ ស្រីនីន ភេទស្រី អាយុប្រហែល១២ឆ្នាំ និងឈ្មោះ ម៉ៅ សារិទ្ធិ ភេទប្រុស អាយុ១១ ឆ្នាំ មុខរបរសិស្ស(ជនរងគ្រោះ)។

បានមួយសន្ទុះក្រោយមក ឈ្មោះ សុខគា ភេទប្រុស ដែលចុះទៅលេងទឹកដែរនោះ បានមកប្រាប់សាច់ញាតិថា ឈ្មោះ ម៉ៅ សារិទ្ធិបានលង់ទឹកហើយ លឺដូច្នេះក្រុមគ្រួសារក៏នាំគ្នារត់ទៅកន្លែងកើតហេតុ ហើយក៏បាននាំគ្នាចុះរាវរក តែរកមិនឃើញហើយក៏បានមករាយការណ៍ជូនសមត្ថកិច្ចនៅទីនោះឲ្យពួកគាត់ដឹងហេតុការណ៍ និងជួយរក។
លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ មេសា ២០២៣ សពត្រូវបានកម្លាំងសមត្ថកិច្ចសហការរកឃើញ និងសហការជាក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានបានថាសពពិតជាបានស្លាប់ដោយលង់ទឹក និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕








Powered by Blogger.