រាជរដ្ឋាភិបាលប្ដេជ្ញាការពារសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ ឯករាជ្យអធិបតេយ្យជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ធានាការពារសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ ឯករាជ្យអធិបតេយ្យជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជាឱ្យឈានទៅមុខ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់។
តាមរយៈសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាង នយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កសិករ កម្មករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និសិ្សត សិស្សានុសិស្ស និង ប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះស ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍនិងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និង ជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងមាន សន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីធានាការពារសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងទៅ ឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។
សម្តេចតេជោ បានបន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្ត ការធ្វើកំណែទម្រង់ស៊ីជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមាន ការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អ ប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថល បដិវត្តន៍ឧស្សាហកម្មទី៤ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវា សុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពល អគ្គិសនី បន្តពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនីឱ្យបានគ្របដណ្ដប់នៅទូទាំងប្រទេស ជាពិសេស នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។ តាមរយៈនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីសូម អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈមហានិភ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវា កម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម៕
Post a Comment