សង្ក្រាន្តវត្តភ្នំ ថ្ងៃទីពីរ កើនលើសទ្វេដង​ ប្រមាណ ៨០ម៉ឺន​នាក់​

រាជធានីភ្នំពេញ​៖​ ទោះក្រោមកម្តៅថ្ងៃយ៉ាងណា ក៏បងប្អូនប្រជាពលរដ្ឋ ​នាំគ្នាសម្រុកទៅលេង​កម្សាន្ត​សប្បាយយ៉ាងច្រើន​កុះករ ​នាសង្ក្រាន្តវត្តភ្នំ សម្រាប់ថ្ងៃទីពីរ​ គឺកើនលើសទ្វេដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​មួយ គឺថ្ងៃទី​មួយ ​ប្រមាណ ៤០​ម៉ឺន​នាក់​ និង​ថ្ងៃ​ទី​ពីរ​ប្រមាណ ៨០ម៉ឺន​នាក់​ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ប្រកប​ដោយភាតរភាព និងភាពស្និទ្ធ​ស្នាលក្រៃលែង​។ ​

លោក ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​​ថា​ សម្រាប់​ថ្ងៃ​ទី​ពីរ​នៃ​សង្ក្រាន្ត​វត្តភ្នំនេះ ទោះបីធាតុអាកាសក្តៅបន្តិច​យ៉ាងណា ក៏បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នាសម្រុកទៅលេង​កម្សាន្ត​សប្បាយយ៉ាងច្រើន​កុះករ​ នាសង្ក្រាន្តវត្តភ្នំ​សម្រាប់ថ្ងៃទីពីរ ​គឺលំហូរមនុស្សមានច្រើន ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៩យប់ ក៏នៅតែមានមនុស្ស ចូលលេងជាបន្តបន្ទាប់ទៀត គឺកើនលើសទ្វេដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​មួយ​។ ពោលគឺថ្ងៃទី​មួយ​ មាន​ប្រមាណ ៤០​ម៉ឺន​នាក់​ និង​ថ្ងៃ​ទី​ពីរ មាន​ប្រមាណ ៨០ម៉ឺន​នាក់​ឯណោះ​​។

លោក​បន្តថា​ មនុស្ស​ពេញលើ​ដងផ្លូវ​ និង​សួនច្បារ ចាប់តាំងពីមុខពេទ្យ​អង្គ​ឌួង​ និង​តំបន់ជុំវិញ​វត្តភ្នំ ​ក៏ពេញ​។ ចំណែក​នៅ​ខាងក្នុង​បរិវេណ​វត្តភ្នំ​វិញ ​គឺពេញណែនតែម្តង​ ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​លេង​កម្សាន្ដ​យ៉ាង​សប្បាយ​រីករាយ​ និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ក្រៃលែង។

សង្ក្រាន្តវត្តភ្នំ នឹងប្រារព្ធឡើង ១ថ្ងៃទៀត នៅថ្ងៃទី១៦មេសា ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​៕







Powered by Blogger.