ចិនតៃវ៉ាន់ម្នាក់ជិះយន្តហោះមករកការងារធ្វើនៅក្រុងព្រះសីហនុ ត្រូវថៅកែជាចិនដីគោក និងបុគ្គលិកខ្មែរ២នាក់ចាប់បង្ខាំ.ងទុក ដើម្បីជំរិតទារប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក
ខេត្តព្រះសីហនុ ៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ខំជិះយន្តហោះមករកការងារធ្វើនៅក្រុងព្រះសីហនុ ក៏ត្រូវថៅកែជនជាតិចិនដីគោកបញ្ជាឲ្យបុគ្គលិកខ្មែរ២នាក់ចាប់បង្ខាំ.ងទុកក្នុងកាស៊ីណូ ដើម្បីជំរិតទារប្រាក់ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដែលផែនការដ៏ឧក្រិដ្ឋនោះ ត្រូវសមត្ថកិច្ចប្រើកណ្តាប់ដៃដែកបង្ក្រាបទាន់បានពេលវេលា។
នេះបើតាមរបាយការណ៍បឋមស្តីពីលទ្ធផលនៃការស្រាវជ្រាវបណ្តឹងលេខ Hotline ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង00នាទី ដែលមានជនជាតិខ្មែរម្នាក់បានប្តឹងថា មិត្តភិក្តរបស់គាត់ឈ្មោះ KO HUNGCHI ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ត្រូវគេចាប់បង្ខាំ.ងបង្ខំឲ្យធ្វើការងារ ដោយប្រើខ្នោះដៃចាក់ជាប់គ្រែមិនឲ្យចេញក្រៅនៅកាស៊ីណូ «ស៊ីងធានឌី» ជាន់ទី៧ បន្ទប់លេខ៧១៥ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានអាជ្ញាប័ណ្ណកាស៊ីណូលេខ០៩៤ គ.ល.ក មានសុពលភាពថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ហើយម្ចាស់គ្រប់គ្រងមានឈ្មោះ ឬទ្ធី រស្មី ភេទប្រុស។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់ទីតាំងខាងលើតែម្តង។ ជាលទ្ធផល គឺក្រុមការងារបានបើកទ្វារបន្ទប់លេខ៧១៥ ជាន់ទី៧ ឃើញមាន២បន្ទប់ គឺបន្ទប់ខាងក្រៅមានបុរសជនជាតិខ្មែរ២នាក់កំពុងតែដេកយាមជនរងគ្រោះក្នុងបណ្តឹងឈ្មោះ KO HUNGCHI ដែលស្នាក់នៅបន្ទប់ខាងក្នុង។ បន្ទាប់មកសមត្ថកិច្ចក៏ធ្វើការត្រួតពិនិត្យឃើញនៅលើគ្រែជនជាតិខ្មែរ មានសម្ភារៈដូចជា ៖ ខ្នោះដៃ, ខ្សែរឹ.ត, អាវុ.ធខ្លី១ដើម, បង់១គ្រាប់ចំនួន៨។
ក្រោយមកក្រុមការងារបន្តស្រាវជ្រាវ ហើយក៏រកឃើញជនដៃដល់ឈ្មោះហៅក្រៅ «BAO GE» នៅជណ្តើរយន្តជាន់ទី៧ ទើបសម្រេចនាំខ្លួនមនុស្សចំនួន៤នាក់តែម្តង រួចនាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅសាកសួរ។ ក្នុងនោះរួមមាន ៖ ១- ឈ្មោះ KO HUNGCHI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) (ជនរងគ្រោះ)។ ២- ឈ្មោះ ស៊ុន ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ (អ្នកបង្ខាំ.ងមនុស្ស)។ ៣- ឈ្មោះ ឆន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក (អ្នកបង្ខាំ.ងមនុស្ស) និង៤- ឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE ភេទប្រុស ជនជាតិចិនដីគោក (អ្នកបញ្ជាឲ្យបុគ្គលិកខ្មែរ២នាក់បង្ខាំ.ងមនុស្ស)។
ជាលទ្ធផល តាមការបំភ្លឺរបស់ជនរងគ្រោះក្នុងបណ្តឹងឈ្មោះ KO HUNGCHI បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានជិះយន្តហោះចេញពីកោះតៃវ៉ាន់មកកាន់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចបន្តដំណើរមកខេត្តព្រះសីហនុ ហើយក៏ចូលធ្វើការងារជាបុគ្គលិកកុំព្យូទ័រជាច្រើនក្រុមហ៊ុន។ លុះនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង០៨និង៣០នាទី ខ្លួនបានណាត់ជួបឈ្មោះ A JUN នៅបន្ទប់ការិយាល័យជាន់ទី៣ នៅកាស៊ីណូ «ស៊ីងធានឌី»។ ខណៈពេលទៅដល់ គេប្រាប់ថា នាំខ្លួនទៅមើលការងារនៅជាន់ទី៧ បន្ទប់៧១៥ ប៉ុន្តែនៅពេលដល់ភ្លាម ពួកគេប្រហែល១០នាក់បានបិទទ្វារបន្ទប់ រួចបង្ខំឲ្យខ្លួនធ្វើលិខិតជំពាក់ប្រាក់ចំនួន ១២០,០០០ដុល្លារអាមេរិក និងបង្ខាំ.ងខ្លួនក្នុងបន្ទប់ ដោយមានជនជាតិខ្មែរ២នាក់ចាំយាម។
លុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក៏មានថៅកែចិនម្នាក់ និងគ្នាប្រហែល១០នាក់ បានប្រើដៃជើងវា.យលើរូបខ្លួន ហើយថៅកែចិននោះ ប្រើប្រាស់កាំភ្លើ.ងភ្ជង់ក្បាលខ្លួនគំរា.មទារប្រាក់។ នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ អ្នកយាមជនជាតិខ្មែរ២នាក់បានដាក់ខ្នោះដៃខ្លួនជាប់នឹងគ្រែ ក្រោយមកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ពេលយប់ខ្លួនក៏ទាក់ទងទៅមិត្តភក្តិខ្មែរ ដើម្បីជួយប្តឹង។ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចមកដល់ជួយសង្គ្រោះខ្លួន រួចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្តង។ ចំពោះលិខិតឆ្លងដែនរបស់ខ្លួនវិញ គឺត្រូវដកហូតតាំងពីពេលខ្លួនមកដល់ធ្វើការដំបូងម្ល៉េះ ដោយក្រុមហ៊ុនយកលេសមូលហេតុថា យកទៅពន្យាពេលវីស្សា និងធ្វើកាតការងារ។
តាមការបំភ្លឺរបស់ឈ្មោះ ស៊ុន ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ និងឈ្មោះ ឆន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបង្ខាំ.ងមនុស្ស)វិញ ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ពួកគេគឺជាអ្នកបង្ខាំ.ង និងបានដាក់ខ្នោះដៃជនរងគ្រោះក្នុងបណ្តឹងជាប់នឹងគ្រែពិតមែន។ ពួកគេធ្វើតាមបញ្ជារបស់ឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE ភេទប្រុស ជនជាតិចិន។
ចំណែកឈ្មោះ LU KE ហៅក្រៅថា «BAO GE» ភេទប្រុស ជនជាតិចិន (អ្នកបញ្ជាឲ្យបង្ខាំ.ងមនុស្ស) បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ថៅកែចិនម្នាក់ (កំពុងគេចខ្លួន ភេទប្រុស) បានហៅខ្លួនទៅបន្ទប់ការិយាល័យជាន់ទី៣ និងប្រាប់ថា «ឈ្មោះ KO HUNGCHI ជំពាក់ប្រាក់ក្រុមហ៊ុន» តែមិនបានប្រាប់ចំនួនប៉ុន្មាននោះទេ គ្រាន់តែដឹងថា ជាង១០ម៉ឺនដុល្លារអាមេរិក ហើយឲ្យខ្លួននាំគាត់ទៅជាន់ទី៧ បន្ទប់លេខ៧១៥ ធ្វើលិខិតជំពាក់ប្រាក់។ ខ្លួនបានបង្ខាំងឈ្មោះ KO HUNGCHI នៅជាន់ទី៧ បន្ទប់លេខ៧១៥ និងឲ្យប្រើប្រាស់ទូរស័ព្ទដើម្បីទាក់ទងរកប្រាក់សងក្រុមហ៊ុនវិញ ដោយខ្លួនបានបញ្ជាឲ្យឈ្មោះ ស៊ុន ចន្ថា និងឈ្មោះ ឆន ធា នៅមើល ដោយផ្តល់ប្រាក់១ថ្ងៃ៥០ដុល្លារ។
ប្រភពដដែលបន្តថា លុះនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានទិញខ្នោះដៃ១គូយកទៅឲ្យឈ្មោះ ស៊ុន ចន្ថា ដើម្បីដាក់ខ្នោះដៃឈ្មោះ KO HUNGCHI ជាប់ទៅនឹងគ្រែ ព្រោះខ្លាចលួចរត់ និងលោ.តចុះ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង២៣និង៤៥នាទីយប់ ពេលខ្លួនកំពុងតែជិះជណ្តើរយន្តដល់ជាន់ទី៧ ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្តង។
តាមការសន្និដ្ឋានករណីខាងលើនេះ គឺជាករណីបង្ខាំ.ងមនុស្សធ្វើទារុ.ណកម្ម និងជំរិតទារប្រាក់ពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះដែលគ្មានលិខិតឆ្លងដែនជាប់ខ្លួន សមត្ថកិច្ចបានស្នើសុំបញ្ជូនទៅផែនអន្តោប្រវេសន៍៕
Post a Comment