កម្ពុជាប្រមូលចំណូលពន្ធបានជិត២១លានដុល្លារពីពាណិជ្ជកម្មតាមអនឡាញក្នុងត្រីមាសទីមួយឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ នៅបីខែដំបូងឆ្នាំ២០២៣ កម្ពុជារកចំណូលបាន២០,៩លានដុល្លារអាម៉េរិកពីការប្រមូលចំណូលពន្ធលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលរួមមាន៖
ប្រតិបត្តិការទំនិញនិងសេវាកម្មតាមអេឡិចត្រូនិក។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។
បើតាមរបាយការណ៍ដដែល ចាប់ពីខែមេសាហូតដល់ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធលើតម្លៃបន្ថែម ពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក(e-commerce) បានជិត៤៤លានដុល្លារអាម៉េរិក។ កាលនោះ ជាពេលដែលកម្ពុជាចាប់ផ្តើមវិធានការប្រមូលពន្ធលើតម្លៃបន្ថែមចំនួន១០ភាគរយ លើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រុមហ៊ុនយក្សៗ ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាមានជាអាទិ៍៖ ក្រុមហ៊ុន Google ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក ក្រុមហ៊ុន Amazon, Microsoft, YouTube, TikTok និងក្រុមហ៊ុនចាក់បញ្ចាំងភាពយន្តតាមអ៊ីនធឺណែតគឺ Netflix ជាមួយនឹងក្រុមហ៊ុនផ្សេងទៀត ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២មក។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល ធ្លាប់បានអះអាងថា ការចាប់ផ្តើមប្រមូលពន្ធលើតម្លៃបន្ថែមលើប្រតិបត្តិការក្រុមហ៊ុន E-commerce ទាំងនេះ គឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់កម្ពុជា។ បើទោះបីជាទីផ្សារពាណិជ្ជកម្មតាមអនឡាញនៅកម្ពុជា នៅមានទំហំតូច ប្រមូលចំណូលបានតិចក៏ពិតមែន បើធៀបនឹងប្រទេសជិតខាង ប៉ុន្តែការណ៍នេះនឹងទៅបង្កើនចំណូលថវិកាជាតិសម្រាប់រយៈពេលវែង។
សូមជម្រាបថា នៅត្រីមាសទីមួយឆ្នាំ២០២៣ជារួម អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសរុបបានជាង១,៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង៦,៣ភាគរយ ពីចំណូលជាង១,២៦ពាន់លានដុល្លារដែលធ្លាប់ប្រមូលបានកាលពីត្រីមាសទីមួយឆ្នាំ២០២២។ ដោយឡែក បើតាមការអះអាងពីប្រមុខរាជរដ្ឋាភិបាល កម្ពុជាទទួលបានចំណូលសារពើពន្ធសរុបជាង៦ពាន់លានដុល្លារអាម៉េរិក កាលពីពេញមួយឆ្នាំ២០២២ កើនឡើង២៧%ពីការគ្រោងទុក។ ក្នុងនោះ ពន្ធដារសម្រេចបានជាង៣,៤ពាន់លានដុល្លារ ខណៈពន្ធគយសម្រេចបានជាង២,៦ពាន់លានដុល្លារផងដែរ៕
Post a Comment