ចាកចេញពីតំណែងនាយករដ្ឋមន្រ្តី សម្ដេចតេជោ បង្ហាញបំណងចង់ធ្វើមេឃុំនៅឆ្នាំ២០២៧

សម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញបំណងចង់ទៅធ្វើជាមេឃុំមួយរយៈនៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ បន្ទាប់ពីសម្ដេចចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ។ សម្ដេចបញ្ជាក់ថា«២០២៧ គិតចង់ទៅឈរមេឃុំនៅកន្លែងណាមួយ សាកល្បងធ្វើមេឃុំប៉ុន្មានខែ»។ ការបង្ហាញពីបំណងចង់ធ្វើមេឃុំ ត្រូវបានសម្ដេចតេជោថ្លែងបន្ទាប់ពីបានគូសបញ្ជាក់អំពីតួនាទីអាជ្ញាធរមូលដ្ឋាន រាប់ទាំងឃុំ សង្កាត់ ក្នុងការរួមចំណែកពង្រឹងគុណភាពអប់រំ ពិសេសការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ(NIE)នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា«ខ្ញុំក៏ចង់សាកល្បងដែរនៅពេលដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈរឈ្មោះធ្វើមេឃុំ សាកល្បងបួនប្រាំខែ ដើម្បីមើលស្មៀនគេធ្វើការរបៀបម៉េច ហើយមានរឿងពាក្យបណ្ដឹងរបៀបម៉េច»។ ផ្អែកលើបទពិសោធចុះមូលដ្ឋានតាំងពីឆ្នាំ១៩៨០ សម្ដេចអះអាងថាមេឃុំធ្វើការងារច្រើនរឿង។


សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាឥស្សរជននយោបាយកំពូលដែលបានឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់សភាពការណ៍ និងគ្រប់ហេតុការណ៍ ដ្បិតសម្ដេចកាន់តំណែងក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ ចាប់តាំងពីមួយថ្ងៃក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ នៅឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានសម្រេចរួចរាល់ហើយនូវបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនពីសម្ដេចតេជោ គឺឯកឧត្តម ហ៊ុន ម៉ាណែត ខណៈការបោះឆ្នោតតំណាងរាស្រ្ត២០២៣នេះ សម្ដេចតេជោ នៅបន្តជាបេក្ខជននាយករដ្ឋមន្រ្តី៕





Powered by Blogger.