បាត់ឡានប៉ូលិស​ចរាចរណ៍​ ឆ្លើយថា ​ប្រធានការិយា​​ល័យ​​​​​​ចរាចរណ៍ យកទៅលក់យូរឆ្នាំហើយ តែប្រធានការិយា​​ល័យ​​​​​​ចរាចរណ៍ ថាខ្លួនមិនបានលក់ទេ

យោងតាមការចុះផ្សាយ របស់កោះសន្តិភាព រថយន្ត​ Pick Up ម៉ាសដា ពណ៌ស ដែល​ជាទ្រព្យសម្បត្តិរួម​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍ ខេត្តប៉ៃលិន​ ត្រូវបាន​ប៉ូលិស​ជាច្រើន ប្រាប់ថា ប្រធានការិយាល័យ​ប៉ូលិសចរាចរណ៍ បានយកទៅលក់យូរឆ្នាំមកហើយ​។ ប៉ុន្តែ​ប្រធានការិយាល័យ​ប៉ូលិសចរាចរណ៍​ នៃស្នងការដ្ឋាន​នគរបាល ខេត្តប៉ៃលិន​ បានបដិសេធ​ថា ខ្លួន​មិនបានយកឡាននោះទៅលក់ទេ។ យ៉ាងណាក៏ដោយ ​មកពេលនេះ ឡាន​ ដែលជាកម្មសិទ្ធិរួមរបស់​ការិយាល័យ​ប៉ូលិសចរាចរណ៍នេះ បាត់​រាប់ឆ្នាំ​មកហើយ​។

​​រថយន្ត ដែលប៉ូលិសអះអាងថា  លោក ជា សីហា ប្រធានការិយាល័យចរាចរណ៍ជើងគោក​នៃស្នងការ​នគរ​បាលខេត្តប៉ៃលិន យកទៅលក់នេះ ជាប្រភេទម៉ាសដា (MAZDA BT50) Pick Up ពណ៌ស ផលិតឆ្នាំ២០១៣ កម្លាំងសេះ៣០០០ តួលេខ: MMBUPODD100200 258 លេខម៉ាស៊ីន: PA4T1150469U207 ពាក់ស្លាកលេខ ន.ប 2-2034 (ដោះចេញ ក្រោយពេលលក់)។

ប្រភពបន្តទៀតថា រថយន្តម៉ាសដាខាងលើ ត្រូវបានប្រធានការិយាល័យចរាចរណ៍ យកទៅលក់​ជាយូរមកហើយដែរ ខណ:ដែលរថយន្ត ១គ្រឿងនេះ គឺមានតម្រូវការបម្រើការងារនៅក្នុងអង្គភាព ក៏ជារថយន្ត ដែលបានយកថវិកាគោលដៅចរាចរណ៍ទិញ ដោយកាលពីមុនមន្រ្តីចរាចរដាក់​គោល​ដៅ ក្នុង ១ថ្ងៃ ទទួលបានថវិកា ១លានរៀល ពេលខ្លះជាង ១លានរៀល។ តែនាយ​ការិយា​ល័យ ផ្តល់​ជូនមន្រ្តីម្នាក់ ក្នុង ១ថ្ងៃ ចំនួន ២ ទៅ ៣ម៉ឺនរៀលប៉ុណ្ណោះ ដោយសល់ប៉ុ ន្មាន ទុកសម្រាប់ទិញ​រថយន្ត​ប្រើប្រាស់ក្នុងអង្គភាព។

ក្រោយពីទិញប្រើប្រាស់មិនបានប៉ុន្មាន ស្រាប់តែលោកនាយការិយាល័យ យករថយន្តខាងលើទៅ​លក់​តែម្តង ដោយសន្យាទិញរថយន្តថ្មី សងជំនួសវិញ តែក៏មិនដឹងថា លក់បានប្រាក់ប៉ុន្មានលាន​រៀលដែរ ពោលគឺលោកប្រធានការិយាល័យ មិន​ឱ្យដឹងនោះទេ មានការលាក់លៀមតែម្នាក់ឯង។

កាលពីទិញរថយន្តខាងលើ គឺគេឱ្យដឹងពីតម្លៃចំណាយគឺអស់ចំនួន១៤០០០ដុល្លារ ខណ:រថយន្ត​ខាងលើ ត្រូវឈ្មួញនាំចូលមកពីប្រទេសថៃ ដោយទិញសម្រាប់បម្រើការងារនៅក្នុងអង្គភាព។

ចំណែកមន្រ្តីនគរបាលខ្លះទៀត បង្ហើបឱ្យដឹងដែរថា រថយន្តខាងលើ ត្រូវបានប្រធានការិយាល័យ​ចរាចរណ៍ជើងគោក នៃស្នងការនគរបាលខេត្តប៉ៃលិន យកទៅលក់ឱ្យបុរសម្នាក់ ឈ្មោះ ខុម ជាមន្រ្តីយោធា ត្រូវផ្លាស់ប្តូរទៅទីក្រុងភ្នំពេញវិញហើយ កាលពីឆ្នាំប្រហែល ២០១៤-២០១៥ ដោយលោកនាយការិយាល័យរូបនេះ យកថវិកាគោលដៅអង្គភាព ដែលរកបានទិញបម្រើ​ប្រយោជន៍រួមក្នុងអង្គភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ​លោកកំពុងជាប់ព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ។ លោកបន្តថា បន្ទាប់ពីលោកមកកាន់​ជាស្នងការនគរ បាលខេត្តប៉ៃលិន ខាងលោកអត់ដឹងរឿងលក់រថយន្តអង្គភាពនោះទេ ហើយបើមានដូចការលើកឡើងមែនខាងលោកនឹងបំភ្លឺជូននៅពេលក្រោយ។

ចំណែកលោក គិត ធីរ៉ា ស្នងការរង ទទួលបន្ទុកចរាចរណ៍ បានឱ្យដឹងថា រថយន្តខាងលើនេះ ត្រូវបានលោកប្រធានការិយាល័យលក់ជាយូរមកហើយ ហើយខាងសវនកម្ម បានត្រួតពិនិត្យមើលឃើញថា ប្រធានការិយាល័យចរាចរណ៍ជើងគោករូបនេះ បានលក់រថយន្តម៉ាក​ម៉ាសដា ពណ៌ស​របស់អង្គភាពចរាចរណ៍ខាងលើមែន ហើយគេតម្រូវឱ្យទិញរថយន្តសងអង្គភាពវិញ។

លោកបន្តទៀតថា តែក្រោយពីលក់បានថវិកាយកសម្រាប់ចាយវាយខ្លួនឯង ហើយខាងសវនកម្មទាមទារឱ្យសងវិញ ខណ:ថ្នាក់លើចុះពិនិត្យ បែរជាលោកប្រធានការិយាល័យប្រាប់ថា រថយន្តខាងលើ ខូច កំពុងធ្វើនៅជាង ហើយគេទាមទារឱ្យរូបរថយន្តមកមើល តែគ្មាននោះទេ គឺមិនដឹងជាយកទៅណាអស់រយ:ពេលជាច្រើនឆ្នាំមក​ហើយ។

លោកបញ្ជាក់ថា ខាងលោក មិនសប្បាយចិត្តចំពោះបញ្ហានេះទេ ហើយខាងថ្នាក់លើ កំពុងតែទាមទារឱ្យរករថយន្តផ្សេងមកជំនួសឱ្យខានតែបានផងដែរ។

ភ្នាក់ងារយើងបានទាក់ទងទៅលោក ឡាំ សារិទ្ធ ស្នងការរង ទទួលបន្ទុកអ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ហើយលោក​បានឱ្យដឹងថា ខាងលោក អត់ដឹងរឿងនេះទេ។ ណាមួយលោក កំពុងជាប់បំ​ពេញភារកិច្ចនៅភ្នំពេញ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ជា សីហា ប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ​ការលក់ដូររថយន្តនៅក្នុងអង្គភាព ដែលគេលើកឡើង​ខាងលើ លោកអត់ដឹងរឿងនោះទេ គឺអត់មានការលក់រថយន្តអង្គភាព ដូចការលើកឡើងដែរ។

លោកប្រធានការិយាល័យ​ចរាចរណ៍ជើងគោក បានបន្ថែមថា លោកឯណា ទៅហ៊ានលក់រថយន្ត​អង្គភាពនោះ។ សូម្បីតែលោកស្នងការ ក៏មិនហ៊ានផង។ លោកបន្តទៀតថា នេះគ្រាន់តែជាការលាបពណ៌លើរូប​លោកប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២៥ ខែមេសានេះ រថយន្ត​របស់​ការិយាល័យ​ចរាចរណ៍ជើងគោក ដែលជាទ្រព្យសម្បត្តិរួមនោះ មិនដឹងនៅទីណាទេ ខណៈ​លោកប្រធានការិយាល័យ​ចរាចរណ៍ជើងគោក ខេត្តប៉ៃលិន ​ក៏មិន​បានប្រាប់ថា លោកយកឡាននោះ ទៅលក់ ឬទៅជួសជុល​ ដែលប្រើពេលរាប់ឆ្នាំនោះឡើយ៕ 





Powered by Blogger.