ឃុំខ្លួន ជាបណ្តោះអាសន្ន ឧកញ៉ា ជា សារ៉ន និងបក្សពួក ៨នាក់ទៀត ពីបទឆបោកមានស្ថានទម្ងន់ទោស តាមដីកា

ឧកញ៉ា ជា សារ៉ន និងបក្សពួក ៨នាក់ទៀតត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ជាផ្លូវការហើយ ពីបទឆបោកមានស្ថានទម្ងន់ទោសនិងបានចេញដីកាបង្កាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣នេះបានឲ្យដឹងថា លោកឧកញ៉ា ជា សារ៉ន និងបក្សពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងត្រូវ ចៅក្រមស៊ើបសួរចោទប្រកាន់ជាផ្លូវការហើយ ពីបទឆបោកមានស្ថានទម្ងន់ទោសនិងបានចេញដីកាបង្កាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន កាលពីពេលកន្លងទៅបានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយវិវាទករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋ២ពាន់៤៦១គ្រួសារ ក្នុងទំហំទឹកប្រាក់ជិត ៤០លានដុល្លារ។ បញ្ហាកើតឡើងដោយសារក្រុមហ៊ុន មិនបានធ្វើតាមកិច្ចសន្យា ខណៈដែលប្រជាពលរដ្ឋមួយចំនួនធំ បានទៅខ្ចីលុយធនាគារមកឱ្យក្រុមហ៊ុន ដើម្បីចូលរួមវិនិយោគ ដើម្បីបានចំណេញប្រាក់តែបែរជាមិនបានចំណេញហើយត្រូវធ្លាក់ខ្លួនជំពាក់បំណុលធនាគារទៀត។

យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចាញ់បោកគម្រោង ឧកញ៉ា ជា សារ៉ន មានចំនួន ២៤៦១គ្រួសារ និងទំហំទឹកប្រាក់គឺមានសរុបជិត ៤០លានដុល្លារ៕






Powered by Blogger.