ខ្មាន់កាំភ្លើងម្នាក់ បាញ់ស.ម្លា.ប់.បងប្អូនខ្លួនឯង២នាក់ រួចបន្តបា.ញ់.ស.ម្លា.ប់.ខ្លួនតាមក្រោយ

កំពត៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស ១នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូង។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ។

ពេលទៅដល់កម្លាំងជំនាញបានពិនិត្យឃើញថា ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) បច្ចុប្បន្នបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ដោយឡែក ជនរងគ្រោះទាំងពីរនាក់ រួមមាន៖
*ទី១៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងជីដូនមួយជនសង្ស័យ) ត្រូវចំនួន០២គ្រាប់ ស្លាប់នៅនឹងកន្លែងកើតហេតុ
*ទី២៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងថ្លៃជនសង្ស័យ) រងរបួសចំនួន២ គ្រាប់ ត្រូវបានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕





Powered by Blogger.