សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបញ្ឈប់ការវាយប្រហារគ្នាតាមបណ្ដាញសង្គមពាក់ព័ន្ធការលើកឡើងអំពី «អ្នកមាន និងអ្នកក្រ»

ប្រមុខរាជរដ្ឋាភបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារគ្នាតាមបណ្ដាញសង្គម ពាក់ព័ន្ធការលើកឡើងអំពី «អ្នកមាន និងអ្នកក្រ» ដោយគ្មានអ្នកចាញ់ និងអ្នកឈ្នះ ហើយចេះយោគយល់អធ្យាស្រ័យគ្នា ដើម្បីធ្វើឱ្យសង្គមរបស់យើង ក្លាយទៅជាសង្គមដែលគ្មានការបែកចែកវណ្ណៈ រវាងអ្នកមានជីវភាពធូរធា និងអ្នកដែលមានជីវភាពលំបាក។

ក្នុងសារជាសំឡេងតាមតេឡេក្រាមថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា មួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ មានការជជែកវែកញែក ពាក់ព័ន្ធជាមួយបញ្ហា ការលើកឡើងរបស់ក្មួយស្រី តាំង ហ្គិចលៀង នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលផ្នត់គំនិត ដែលពិតជាមានបំណងល្អ ក្នុងការចែករំលែកនូវបទពិសោធន៍ដែលខ្លួនមាន ទៅកាន់បងប្អូនដែលចង់យល់ចង់ដឹង។ ការយកពាក្យត្រឹមទម្លាប់អ្នកមាន និងទម្លាប់អ្នកក្រដែលក្មួយស្រីបាននិយាយ ដោយខ្វះការបែងចែកស្ថានភាពខុសគ្នារវាងអ្នកមានទ្រព្យ និងការខុសគ្នារវាងអ្នកមានជីវភាពខ្វះខាត និងការរៀបពាក្យមិនបានល្អអាច ធ្វើឱ្យមានការភ័នច្រឡំថា ក្មួយស្រីមើលងាយអ្នកក្រទៅវិញ។ សម្ដេចតេជោបន្តថា ការបកស្រាយនេះគឺមានបំណងល្អ ដែលនេះជាការបកស្រាយមួយដែលមានគោលដៅចង់ឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ប៉ុន្តែអ្វីដែលជាការខ្វះចន្លោះ គឺស្ថិតនៅត្រង់បញ្ហាការចេះរៀបពាក្យ ដើម្បីនឹងនិយាយ។ ការរៀបពាក្យនេះ គឺជាចំណុចសំខាន់ នៅក្នុងបញ្ហា ការធ្វើបទឧន្ទេសនាម បឋកថា ស័ង្គថា ឬសន្ទរកថា។ សម្ដេចតេជោមានប្រសាសន៍ថា ប្រទេសរបស់យើង គ៏ជាប្រទេសដែលមិនប្រកាន់វណ្ណៈ អ្នកមាន និងអ្នកក្រនោះទេ ពិតមែនតែយើងមានពាក្យអ្នកមាន និងមានពាក្យអ្នកក្រ។ ប៉ុន្តែនៅក្នុងពេលវេលា ធ្វើបឋកថា ឬពេលវេលានៃការធ្វើបទបង្ហាញណាមួយនោះ មិនគួរយកពាក្យអ្នកមាន ឬអ្នក្រ មកប្រើប្រាស់នៅទីនេះទេ។

គេអាចប្រើប្រាស់នូវពាក្យប្រយោគតាមបែបផ្សេង ដូចជា អ្នកមានជីវភាពធូធា អ្នកមានជីវភាពទន់ខ្សោយ។ល។ ដែលគេអាចយកមកប្រើពាក្យជំនួស។ សម្ដេចតេជោគូសបញ្ជាក់ថា យើងចង់ឱ្យមានការចែករំលែកបទពិសោធន៍នៃជោគជ័យ របស់អ្នកដែលមានជោគជ័យ ហើយយើងក៏ចង់ឱ្យប្រទេសរបស់យើងមានការរីកលូតលាស់ ដោយមិនធ្វើតាមរបៀប ប៉ុល ពត ដែលកំទេចចោលអ្នកមាន ហើយទុកតែអ្នកក្រដូចគ្នា។ យើងខិតខំធ្វើយ៉ាងម៉េចឱ្យអ្នកដែលមានជីវភាពខ្សត់ខ្សោយ ដែលគេហៅថាអ្នកក្រនោះ មានជីវភាពកាន់តែប្រសើរឡើង។ ប៉ុន្តែការរៀបចំពាក្យពេជន៍របស់ក្មួយស្រី តាំង ហ្គិចលៀង គឺនិយាយមួយបែប ខ្វះចំណេះដឹងផ្នែកអក្សរសិល្បិ៍ អក្សរសាស្ត្រខ្មែរតែម្ដង។ សម្ដេចគិតថា ក្មួយស្រីអាចនឹងមិនទាន់ចេះប្រើប្រាស់ភាសាខ្មែរគ្រប់គ្រាន់។ ដូច្នេះបានជាមានការខ្វះចន្លោះ បង្កើតឱ្យមានការវ៉ៃប្រហារទៅលើក្មួយស្រី ក្នុងពេលដែលក្មួយស្រីមានបំណងល្អ សម្រាប់ជួយចែករំលែកនូវបទពិសោធន៍ចំណេះដឹងទៅអ្នកដែលត្រូវការ។ សម្ដេចតេជោ ថ្លែងទៅកាន់ក្មួយស្រីតាំង ហ្គិចលៀង ថា អ្នកមានជីវភាពធូធាទាំងអស់មិនប្រាកដថាគិតទៅមុខទេ ហើយអ្នកមានជីវភាពខ្សត់ខ្សោយ ដែលក្មួយស្រីហៅថា អ្នកក្រនោះ ក៏មិនប្រាកដថា គិតទៅក្រោយ និងរស់នៅជាមួយស្រមោលអតីតកាលទាំងអស់នោះដែរ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា« នេះការបកស្រាយ ដើម្បីបញ្ចៀសនួវជម្លោះការប្រកាន់វណ្ណៈ ហើយសង្គមនេះក៏មិនអនុញ្ញាតឱ្យមានការប្រកាន់វណ្ណៈនោះដែរ»។

សម្ដេចតេជោ សង្ឃឹមថា ការបកស្រាយនិងពន្យល់របស់សម្ដេច អាចបានក្លាយទៅជាការបញ្ចប់នូវការវាយប្រហារគ្នាតាមបណ្ដាញសង្គម ហើយក៏ជាការដាស់តឿនរម្លឹកទៅដល់អ្នកវាគ្មិនទាំងឡាយ ឱ្យចេះរៀបចំការវិភាគវាយតម្លៃឱ្យបានច្បាស់ នូវស្ថានភាពសង្គម -សេដ្ឋកិច្ច ផ្នត់គំនិត ហើយចេះបែកចែកជាមួយនិងទិដ្ឋភាពផ្សេងៗគ្នា ដែលមិនគ្របដណ្ឌប់តែទៅលើចំណុចតែមួយក្រុមៗ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា ៖«សូមមើលព្រៃទាំងមូលគួបផ្សំជាមួយមើលដើមឈើមួយដើមៗ ទើបដឹងថាព្រៃស្រោងឬព្រៃរិចរឹល។ ការបញ្ជូនសារនេះចេញ ដើម្បីឱ្យបងប្អូនបានយល់បន្ថែមលើការបកស្រាយរបស់ខ្ញុំ អំពីបំណងល្អរបស់ក្មួយស្រីនិងសូមបញ្ចប់ការវាយប្រហារគ្នាតាមបណ្តាញសង្គម»៕ 

Powered by Blogger.