ឯកឧត្តម ស សុខា សូមថ្លែងអំណរគុណក្រុមការងារក្នុងចង្កោមទី៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ និងអ្នកពាក់ព័ន្ធទាំងអស់

ឯកឧត្តម ស សុខា បានបង្ហោះសារនៅលើ facebook page របស់ ឯកឧត្តម ÷ សូមថ្លែងអំណរគុណក្រុមការងារក្នុងចង្កោមទី៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ និងអ្នកពាក់ព័ន្ធទាំងអស់។

ក្នុងនាមប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារនានាក្នុងចង្កោមទី៣ ក៏ដូចជាប្អូនៗ ក្មួយៗជាយុវជនស្ម័គ្រចិត្ត ព្រមទាំងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំលះបង់ពេលវេលា កម្លាំងកាយ ចិត្ត បញ្ញាស្មារតី និងទ្រព្យធន ក្នុងការដឹកនាំ ចាត់ចែង និងចូលរួមរៀបចំការងារក្នុងចង្កោមទី៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ គឺថ្ងៃ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ នាទឹកដីខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ គួរជាទីមោទនៈ។

ជោគជ័យក្នុងការរៀបចំកម្មវិធីទាំងអស់ក្នុងចង្កោមទី៣ នេះ គឺកើតឡើងពីការយកចិត្តទុកដាក់បំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួនរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីមុនព្រឹត្តិការណ៍ ថ្ងៃព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ជារួមជោគជ័យក្នុងការរៀបចំកម្មវិធីរបស់ចង្កោមទី៣ នេះដែរ ក៏ជាការចូលរួមចំណែកជាមួយចង្កោមការងារនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ទាំងមូល ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី រហូតធ្វើឲ្យសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្រោមម្លប់នៃសន្តិភាព ពិសេសបានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមទស្សនា និងលេងកម្សាន្តល្បែងរបាំប្រជាប្រិយ កីឡា សិល្បៈ តន្ត្រី វប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរគ្រប់ទម្រង់ ទទួលបានភាពសប្បាយរីករាយ និងចងចាំ ព្រមទាំងផ្សព្វផ្សាយបន្តព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏អស្ចារ្យនេះ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិផងដែរ។

ជាថ្មីម្តងទៀត! សូមថ្លែងអំណរគុណ និងគោរពជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាក្រុមការងារក្នុងចង្កោមទី៣ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕















Powered by Blogger.