ត្រាំ រងការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ករណី
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារទី ៤ ខែមេសា បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ករណី រួមទាំងបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម និងការផ្ទេរប្រាក់ឱ្យស្ត្រីពីរនាក់មុនការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកឆ្នាំ២០១៦ ដើម្បីបិទបាំងទំនាក់ទំនងផ្លូវភេទរបស់ពួកគេជាមួយរូបលោក។
រដ្ឋអាជ្ញាទីក្រុងម៉ានហាតាន់ (Manhattan) បានចោទប្រកាន់លោក ត្រាំ អតីតប្រធានាធិបតីអាម៉េរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ពីបទព្យាយាមលាក់បាំងការរំលោភច្បាប់បោះឆ្នោតក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០១៦។ ព្រះរាជអាជ្ញា គ្រីស ខនរ៉យ (Chris Conroy) បានថ្លែងយ៉ាងដូច្នេះថា៖ «ជនជាប់ចោទ លោក ដូណាល់ ត្រាំ បានក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅទីក្រុងញូវយ៉ក ដើម្បីលាក់បាំងការឃុបឃិតខុសច្បាប់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ និងការរំលោភច្បាប់បោះឆ្នោតផ្សេងទៀត»។
ខណៈពេលដែលករណីក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅទីក្រុងញូវយ៉ក គឺជាបទមជ្ឈិម និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពីមួយឆ្នាំ វាត្រូវបានបង្កើនទៅជាបទឧក្រិដ្ឋដែលមានទោសរហូតដល់ ៤ឆ្នាំ នៅពេលវាត្រូវបានធ្វើដើម្បីជំរុញ ឬលាក់បាំងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជាការរំលោភច្បាប់បោះឆ្នោតជាដើម។
យ៉ាងណាមិញ លោក ត្រាំ ដោយបានពណ៌នាការកាត់ទោសនៅទីក្រុងញូវយ៉កថាជាការជ្រៀតជ្រែកក្នុងការបោះឆ្នោត បានអះអាងថា៖ «ខ្ញុំមិនដែលគិតថារឿងបែបនេះអាចកើតឡើងនៅអាម៉េរិកនោះទេ។ ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបានប្រព្រឹត្ត នោះគឺដើម្បីការពារជាតិរបស់យើងដោយមិនញញើត ពីជនទាំងឡាយណាអ្នកព្យាយាមបំផ្លាញសហរដ្ឋអាម៉េរិក។ លោកបន្តថា៖ «ពួកគេមិនអាចយកឈ្នះយើងតាមរយៈសន្លឹកឆ្នោតបាន ដូច្នេះហើយទើបពួកគេព្យាយាមវាយប្រហារយើងតាមរយៈផ្លូវច្បាប់» ។
គួរបញ្ជាក់ថា លោក ត្រាំ ក៏បានប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មដាច់ដោយឡែកផ្សេងទៀត ដោយរដ្ឋអាជ្ញានៅរដ្ឋហ្សកហ្ស៊ី (Georgia) ពាក់ព័ន្ធនឹងការព្យាយាមផ្តួលរំលំការបោះឆ្នោតឆ្នាំ២០២០។ លើសពីនេះ លោកក៏ប្រឈមមុខនឹងការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិកចំនួនពីរ ដែលដឹកនាំដោយទីប្រឹក្សាពិសេស ជុំវិញការប៉ុនប៉ងដើម្បីលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០ និងការកាន់កាប់ឯកសារសំខាន់ៗ បន្ទាប់ពីចាកចេញពីតំណែង៕
Post a Comment