ព្រឹត្តិការណ៍សៀមរាបអង្គរសង្រ្កាន្តឆ្នាំថ្មី បានត្រៀមរួចជាស្រេចក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ

ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២៣ រយៈពេលបីថ្ងៃ គឺថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក។ ម៉្យាងទៀតក៏បានផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង និងលី្បល្បាញ ភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បានបន្តថែរក្សាកេរ្តិ៍មរតកឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

ព្រឹត្តិការណ៍ នេះក៏មានការរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ និងរៀបចំតាំងបង្ហាញអំពីការត្បាញក្រម៉ា និងផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញពីកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង។ ក្រៅពីតំបន់ទាំងនេះ បងប្អូនអាចចូលរួមលេងកម្សាន្តសប្បាយ និងទស្សនានូវការសម្តែងផ្ទាំងទស្សនីភាព សិល្បៈរបាំបុរាណខ្មែរ និង ល្បែងប្រជាប្រិយ៍ផងដែរ។

ទន្ទឹមនឹងនេះ ក៏មានការសាងសង់លំនៅដ្ឋានតាមបែបពីបុរាណកាល ដើម្បីបង្ហាញពីវប្បធម៌ អរីយធម៌របស់ប្រជាជនខ្មែរនាសម័យអង្គរ។ ម៉្យាងទៀត ខេត្តក៏បានរៀបចំសោភណ្ឌភាពក្នុងក្រុងដើម្បីធ្វើការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនាកម្សាន្តនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបដែលមាននៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមបានច្រើនកុះករ ដើម្បីឱ្យព្រឹត្តិការណ៍នេះមានភាពអធិបអធម ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ នៅជុំវិញទីកន្លែងប្រារព្ធពិធី។









ផែនទីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត



Powered by Blogger.