អ្នកគាំទ្រតាមប្រទេសក្នុងតំបន់អាស៊ាន អរគុណសម្ដេចតេជោ ប្រកាសឱ្យទស្សនាស៊ីហ្គេមដោយឥតគិតថ្លៃ
អ្នកគាំទ្រតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានរាប់ពាន់នាក់បានសម្ដែងក្ដីរីករាយ និងអបអរសាទ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣នេះ ហើយបានអរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលប្រកាសអនុញ្ញាតឱ្យទេសចរអន្តរជាតិចូលទស្សនាព្រឹត្តិការណ៍កីឡានេះដោយសេរី ឥតគិតថ្លៃនិងបានយកចិត្តទុកដាក់ខ្ពស់ដល់ប្រតិភូអន្តរជាតិ និងក្រុមកីឡាករកីឡាការិនីទាំងអស់។
អ្នកគាំទ្រតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានរាប់ពាន់នាក់បានបង្ហាញក្ដីរីករាយ អរគុណសម្ដេចតេជោ និងគាំទ្រដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បែបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក ASEAN FOOTBALL ដែលបានបង្ហោះព័ត៌មានទាក់ទងនឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កាលពីថ្ងៃទី១៩ ខែមេសានេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក ASEAN FOOTBALL បានសរសេរថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សូមប្រកាសថាផ្ដល់ការចូលទស្សនាដោយឥតគិតថ្លៃ។ ផ្ដល់កន្លែងស្នាក់នៅ និងអាហារឥតគិតថ្លៃសម្រាប់ប្រតិភូ និងផ្ដល់សិទ្ធិផ្សាយដោយឥតគិតថ្លៃសម្រាប់ដៃគូប្រព័ន្ធផ្សព្វផ្សាយ។
គេហទំព័រដដែលបញ្ជាក់ថា នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ខណៈប្រទេសដទៃដែលរៀបចំព្រឹត្តិការន៍នេះ គឺធ្លាប់បានប្រមូលថវិកាប្រមាណ ៥០ ដុល្លារក្នុង១ម្នាក់សម្រាប់ទស្សនាការប្រកួតក្នុង១ថ្ងៃ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC) ប្រកាសជាផ្លូវការ ពីការអនុញ្ញាតឱ្យទេសចរជាតិ និងអន្តរជាតិ ទាំអស់អាចូលទស្សនាដោយសេរី ជាមួយការលុបចោលការបង់ថ្លៃ និងការស្នើសុំសិទ្ធផ្សាយបន្តផ្ទាល់។ នេះបើតាមសេចក្តីប្រកាសរបស់ CAMSOC ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕
Post a Comment