សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់កាត់ក្បាលនៅបាវិត
ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់នៅក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ វេលាម៉ោង១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនបានសម្រេច។
តាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនបានជនសង្ស័យគឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារ បានទទួលព័ត៌មានពីរម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថាមានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម។អាងករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីរង់ចាំបន្តតាមនីតិវិធី៕
Post a Comment