ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យសម្ពោធឆ្លងព្រះវិហារថ្មី និងកាត់ឬសសីមា វត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យសម្ពោធឆ្លងព្រះវិហារថ្មី និងកាត់ឬសសីមា វត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើការសួរសុខទុក្ខ ប្រគេនពរ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ ក្មួយៗ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ និងជនរួមជាតិទាំងអស់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សា ការពារសន្តិភាព និងសមិទ្ធផលនានា រួមនឹងការធ្វើ ឲ្យមានសុខុដុមនីយ៍កម្មសាសនា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមអរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាធម្មាលង្ការោ ចាន់ សុជនព្រះគ្រូចៅអធិការវត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការ អាចារ្យវត្ត ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ និងសប្បុរសជននានា ដែល
បានសាមគ្គីគ្នាកសាង និងអភិវឌ្ឍជាប្រចាំនូវសមិទ្ធផលនានានៅក្នុងវត្តប្រាសាទស្រះកណ្តាល(ខ្ទាស់) ជាពិសេសការបរិច្ចាគដោយសទ្ធាជ្រះថ្លាកសាងឡើង នូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្ត និងបានកសាងព្រះវិហារមាស បានលេចចេញជារូបរាងតាមបែបសាសនាគួរជាទីមោទនៈនាពេលនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានកសាង និងអភិវឌ្ឍឥតឈប់ឈរគ្រប់វិស័យ ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៌ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលក្នុងនោះក្រៅពីវិស័យអាទិភាពទាំង៤ មនុស្ស ផ្លូវ ភ្លើង ទឺក គឺគោលនយោបាយសុខុដុមនី៍យកម្មសាសនាមានការរីកចម្រើនគួរជាទីមោទនៈ។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ព្រមទាំងលើកទឹកចិត្ត និងគោរពសិទ្ធិសេរីភាពទៅលើជំនឿសាសនាផ្សេងៗទៀត ​និងប្រឆាំងដាច់ខាតនូវការរើសអើង បែងចែកជំនឿសាសនា ដែលនាំឲ្យមានការបែកបាក់សាមគ្គីភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការធ្វើឲ្យមានសុខុដុមនីយ៍កម្មគ្រប់សាសនា គឺជាការចូលរួមថែរក្សា និងការពារនូវសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា សមិទ្ធផលនានាដែលយើងបានខិតខំកសាងនិងអភិវឌ្ឍនៅក្នុងវត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ពិតជាបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យសាសនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ជាចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួម ជាតិទាំងអស់បន្តរួមគ្នាថែរក្សា ការពារសន្តិភាព សមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ រួមគ្នាធ្វើឲ្យមានសុខុដុមនីយ៍កម្មសាសនាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជាតិយើង និងការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសដ៏មហាជ្រះថ្លានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ បានពាំនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេន និងចែកជូន រួមមាន៖
១.ផ្តល់អគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ នៅសាលាបឋមសិក្សាខ្ចាស់
២.ប្រគេនដែកចំនួន ១០០តោន ស៊ីម៉ង់ចំនួន ៣០០តោន សម្រាប់កសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉ែត្រ និងបច្ច័យ ៦០១៥$
៣.គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ឧបត្ថម្ភដល់មនុស្សវ័យចាស់ លោកគ្រូ អ្នកគ្រូ កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក កងពលតូចថ្មើរជើងលេខ៥១ កងវិស្វកម្ម ក្រុមគ្រូពេទ្យប្រចាំការ ប្រជាការពារ ក្រុមយុវជន សសយក និងប្រជាពលរដ្ឋចូលរួមទាំងអស់។ ដែលគិតសរុបរួម(១+២+៣ )ជាថវិកាប្រមាណ២៣ម៉ឺន៣ពាន់ដុល្លារអាមេរិក ៤.ឧបត្ថម្ភផ្លូវ១ខ្សែមានប្រវែង ៧គីឡូម៉ែត្រ ផ្លូវចូលវត្តខ្ចាស់៕























Powered by Blogger.