សម្តេចតេជោ ហ៊ុន សែន ណែនាំ ម៉ៃ សុគន្ធ ឲ្យសូមទោសលោក ហុងដា បើសិនចង់ធ្វើជាកូនល្អរបស់ខ្មែរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានណែនាំលោក ម៉ៃ សុគន្ធ ឲ្យចេញសារសូមទោសលោក ហុងដា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រសិនបើលោក ម៉ៃ សុគន្ធ ចង់ធ្វើជាកូនល្អរបស់ខ្មែរ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៉ីហ្គេមលើកទី៣២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវ ខ្ញុំសុំឲ្យ ម៉ៃ សុគន្ធ បើសិនជាកូនប្រុស ធ្វើជាកូនល្អរបស់ខ្មែរ កូនគួរសុំទោសចំពោះលោក ហុងដា ទៅ។ ពាក្យប៉ុន្មានម៉ាត់នេះ វាធ្ងន់ធ្ងរដែលលោក ហុងដា បានធ្វើជាគ្រូបង្វឹករបស់កម្ពុជា រយៈពេលប៉ុន្មានឆ្នាំ។ ហើយគ្រាន់តែសម្លៀកបំពាក់គាត់ស្លៀកពាក់នោះ មានរឿងអ្វី ? ខ្ញុំស្រលាញ់សម្លៀកបំពាក់ ហុងដា តើ គ្នាខំសើចញញឹមញញែម ចង់ងាប់ចង់រស់ គ្រប់មួយប្រទេសគេផ្អើលគាំទ្រទាំងកីឡាករ ទាំងគ្រូបង្វឹក ស្រាប់តែចេញ ម៉ៃ សុគន្ធ មួយមក ខុសគេខុសឯង» ។
សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បន្តថា ទង្វើរបស់ ម៉ៃ សុគន្ធ ធ្វើនេះស្មើនឹងទះកំផ្លៀងកីឡាករបាល់ទាត់ទាំងអស់របស់យើង។ បើសិនជា ម៉ៃ សុគន្ធ មិនចង់ធ្វើជាកូនល្អកម្ពុជា សូមបន្តជេរ ហុងដា ទៀតចុះ ប៉ុន្តែរាជរដ្ឋាភិបាលមិននៅស្ងៀមទេ ក្នុងរឿងបែបនេះ ព្រោះនេះជារឿងជាតិសាសន៍មួយ ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ។
សូមជម្រាបថា កាលពីរាត្រីថ្ងៃទី២៩ ខែមេសា ប្រជាពលរដ្ឋខ្មែរ រួមទាំងថ្នាក់ដឹកនាំក៏បានកោតសរសើរ និងសម្តែងក្តីត្រេកអរដែលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ឈ្នះក្រុមជម្រើសជាតិ ទីម័រ ក្នុងលទ្ធផល៤ទល់០ ។ ក្នុងពេលនោះ គេសង្កេតឃើញលោក ហុងដា ក៏បង្ហាញអារម្មណ៍រីករាយដូចគ្នាដែលអ្នកគាំទ្រនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ផងដែរ ។
ស្រាប់តែ លោក ម៉ៃ សុគន្ធ បានបង្ហោះសារទើសលោក ហុងដា ពីរឿងស្លៀកសំលៀកបំពាក់យ៉ាងដូច្នេះថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេជ្រុលតែទៅស្រុកវិញ ហើយ ចាំកាល ទៅអោយឆាប់ទៅខ្ញុំសែនមាន់១0» ៕
Post a Comment