សត្វថ្លែន ខាំមនុស្ស ស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២
មណ្ឌលគិរី៖ បុរសជាកសិករម្នាក់ បានស្លាប់យ៉ាងឆាប់រហ័ស បន្ទាប់ពីត្រូវសត្វថ្លែនខាំ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ មិថុនាឆ្នាំ ២០២៤ ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះជាករណីទី២ហើយ ដែលសត្វថ្លែន បានខាំមនុស្សស្លាប់ក្នុងខេត្តមណ្ឌលគិរី ព្រោះកន្លងទៅថ្មីៗ កុមារម្នាក់ ក៏បានបាត់បង់ជីវិតក្នុងករណីថ្លែនខាំផងដែរ។
ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ។ បើតាមភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យ គាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើ ពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន។
សូមបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២ហើយ នៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះ លើកទីមួយគឺកើតឡើងលើក្មេងប្រុសម្នាក់រស់នៅក្នុងភូមិពូរ៉ាប៉េត( អូរតេ ) ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសិស្សពូកែផង បានស្លាប់គួរឲ្យអាសូរកាលពីថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២៤ ព្រោះសត្វថ្លែនខាំ ៕
Post a Comment