សាច់សត្វព្រៃជាង ១តោន ត្រូវបានបង្ក្រាបនៅមណ្ឌលគិរី ខណៈវត្តមានអន្ទាក់នៅបន្តកើនឡើង 2022/10/24 05:57:51 pm 9
គិតត្រឹមរយៈពេល១៨ខែ ចាប់ពីឆ្នាំ២០២១ ដល់ ២០២២ មន្ត្រីជំនាញបានបង្ក្រាបការជួញដូរសាច់សត្វព្រៃ នៅខេត្តមណ្ឌលគិរី បានប្រមាណជាង ១,៣៥០គីឡូក្រាម ក្នុងនោះ បើគិតតែ៦ខែឆ្នាំ២០២២ នៅក្នុងខេត្តមណ្ឌលគិរីនេះ ក៏បង្ក្រាបបានប្រមាណ ២៣៥គីឡូក្រាមដែរ។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ បើរាប់ចំនួននៃការបង្ក្រាប និងការទប់ស្កាត់ គឺអាជ្ញាធរពាក់ព័ន្ធ មានសកម្មភាពប្រឹងប្រែងខ្លាំងក្លាជាងមុន ដែលសកម្មភាពនេះ គឺបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមអនុវត្ត នៃយុទ្ធនាការអន្ទាក់សូន្យ ដែលក្រសួងបរិស្ថាន និងដៃគូរបានដាក់ឱ្យអនុវត្តនាពេលកន្លងមក និងកមពុងបន្ត។ឯកឧត្ដម នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា ទោះបីជាការបង្ក្រាប ការខិតខំទប់ស្កាត់ និងការផ្សព្វផ្សាយ ខ្លាំងក្លាជាងមុនក៏ដោយ ក៏មកដល់បច្ចុប្បន្ននេះ មន្ត្រីជំនាញ នៅតែបន្តរកឃើញអន្ទាក់ដែលដាក់ក្នុងព្រៃ មាននិន្នាការកើនឡើង និងបានសម្លាប់សត្វជារៀងរាល់ថ្ងៃ ដែលគួរឲ្យសោកស្តាយយ៉ាងខ្លាំង។
ជាមួយគ្នានេះ ឯកឧត្តម សូមអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ព្រមតាំងអំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃ និងកុំចូលព្រៃសម្លាប់សត្វ ហើយត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះថាជាអំពើខុសច្បាប់ និងជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ។ ផ្ទុយទៅវិញ បើគ្រប់ៗគ្នាឬប្រជាពលរដ្ឋទាំងអស់ បានយល់កាន់តែច្បាស់អំពីកិច្ចការពារសត្វព្រៃ បានស្គាល់ពីតម្លៃសត្វព្រៃ ហើយស្គាល់ពីតម្លៃសត្វព្រៃក្នុងការទាក់ទាញវិស័យ ទេសចរណ៍ នោះនឹងបានផ្តល់នូវចំណូលដល់សហគមន៍ និងពលរដ្ឋកម្ពុជាមិនចេះរីងស្ងួតឡើយ។
យោងតាមការសិក្សាជាចង្កោមមួយដោយក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាមនៅតំបន់ទេសភាពភាគខាងកើត ក្នុងប្រទេសកម្ពុជា បានថយចុះគួរឱ្យកត់សម្គាល់។ ក្នុងនោះសត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។ ការសិក្សាដដែលនេះក៏បានបង្ហាញដែរថា វត្តមាននៃសត្វរមាំង ខ្ទីង និងប្រើស នៅក្នុងតំបន់ព្រៃទេសភាពក៏មានកម្រិតទាប៕
Post a Comment