លោក Boris Johnson ដកខ្លួនចេញពីការប្រកួតប្រជែងមេដឹកនាំបក្ស និង​បេក្ខភាព​នាយករដ្ឋ​មន្ត្រីបន្ទាប់

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានដកខ្លួន​ចេញពីការ​ប្រកួតប្រជែង​ក្លាយជា​មេដឹកនាំ​បក្ស​អភិរក្សនិយមបន្ទាប់ និងក្លាយជានាយករដ្ឋមន្ត្រី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន PA Media លោក Johnsonអះអាងថា នឹងប្រមូល​ការគាំទ្រ​ឲ្យបានលើស១០០សំឡេងពីសមាជិកបក្សអភិរក្សនិយមប៉ុន្តែបានច្រានចោលក្នុងការប្រកួតប្រជែងនេះ ដោយនិយាយថានេះ មិនមែនជារឿងត្រឹមត្រូវដែលត្រូវធ្វើទេ ព្រោះអ្នក​មិន​អាច​គ្រប់​គ្រង​បាន​ប្រកប​ដោយប្រសិទ្ធភាព លុះត្រាតែអ្នកមានគណបក្សឯកភាពគ្នានៅក្នុងសភា ។

ការប្រកាសរបស់លោកមានឡើង បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អង់គ្លេសលោក Rishi Sunak បានចូលប្រកួតប្រជែងជាផ្លូវការដើម្បីដឹកនាំគណបក្សអភិរក្ស ដែលជាការ​ប៉ុនប៉ង​លើកទី២ របស់លោកឈោងចាប់តំណែងនេះ នៅឆ្នាំនេះ ។

 លោក Sunak បានប្រមូលសំឡេងគាំទ្រដែលត្រូវឲ្យមានលើសពី១០០ ពីសមាជិកគណបក្សតូរី ដើម្បីចូលរួមប្រកួតប្រជែងនេះ លោក Sunak បានប៉ុនប៉ងក្លាយជាមេដឹកនាំអំឡុងរដូវក្ដៅ ក្រោយការលាលែងតំណែងរបស់លោក Johnson  ប៉ុន្តែបានចាញ់លោកស្រី Liz Truss ដែលបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី២០ តុលា សប្ដាហ៍មុននេះ ៕

Powered by Blogger.