បុណ្យប្រទីបរបស់ឥណ្ឌាតាំងចង្កៀងចំនួន ១លាន ៥សែន ដែលនៅតែរក្សាបានកំណត់ត្រាពិភពលោក
ទីក្រុង Ayodhya ភាគខាងជើងប្រទេសឥណ្ឌាបានរក្សាកំណត់ត្រាពិភពលោក Guinness World Record របស់ខ្លួនដោយការតាំងបំភ្លឺចង្កៀងប្រេងកាតចំនួន ១លាន ៥សែន និងបន្តដុតបំភ្លឺរយៈពេល ៤៥នាទី ជាផ្នែកមួយនៃការអបអរសាទរពិធីបុណ្យ Diwali ដែលជាពិធីបុណ្យប្រទីបតាមសាសនាហិណ្ឌូ។
កាលពីឆ្នាំមុនទីក្រុងនេះបានដុតបំភ្លឺចង្កៀងប្រេងកាតចំនួន ៩០០,០០០។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចូលរួមទស្សនាទស្សនីយភាពដ៏ស្រស់ត្រកាលនេះផងដែរ។ អ្នកទៅទស្សនារាប់ពាន់នាក់បានប្រមូលផ្តុំនៅលើច្រាំងទន្លេ Saryu ជាទីដែលចង្កៀងប្រេងកាតទាំងនោះត្រូវបានដុតបំភ្លឺ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ ពិធីបុណ្យប្រទីប និងកាំជ្រួចភ្ញីបានបំភ្លឺដងផ្លូវនានា និងមាត់ច្រាំងទន្លេរបស់ទីក្រុងនេះ។ ប្រជាពលរដ្ឋរាប់ពាន់នាក់នៅទីក្រុងនេះ ក៏បានអុជបំភ្លឺចង្កៀងប្រេងកាតនៅតាមលំនៅឋានរបស់ពួកគេ និងនៅតាមទីអារ៉ាមនានាផងដែរ។ពិធីបុណ្យនេះជានិមិត្តរូបជ័យជម្នះនៃសភាវៈល្អលើសភាវៈអាក្រក់ ដែលរំលឹកដល់ការវិលត្រឡប់មកកាន់មាតុភូមវិញរបស់ព្រះរាមក្នុងសាសនាហិណ្ឌូ បន្ទាប់ពីនិរទេសភាពរយៈពេល ១៤ឆ្នាំ ដោយបានយកឈ្នះស្ដេចមាក្រុងរាប រ៉ាវ៉ាន់ នៃនគរក្រុងលង្ការ និងជួយរំដោះព្រះមហេសីព្រះនាងសេដា ដែលត្រូវបានចាប់យកទៅនោះត្រឡប់មកវិញ៕
Post a Comment