Rishi Sunak នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស មានដើមកំណើតជាជនជាតិឥណ្ឌា
លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស ក្រោយទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនលើសលប់។
លោកស្រី Liz Truss បានលាលែងចេញពីតំណែង បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ត្រឹម ៤៥ថ្ងៃ។ បេក្ខភាពប្រជែងតំណែងនេះ មាន ៣រូប រួមមាន លោក Rishi Sunak លោកស្រី Penny Mordaunt និង លោក Boris Johnson។ ប៉ុន្តែក្រោយមក លោក Boris បានដកខ្លួនចេញ ធ្វើឱ្យបេក្ខភាពនៅសល់ត្រឹម ២រូបប៉ុណ្ណោះ។
គួរឱ្យដឹងថា លោក Rishi Sunak ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស មានដើមកំណើតជាជនជាតិឥណ្ឌា។ បច្ចុប្បន្នលោកមានអាយុ ៤២ឆ្នាំ និងកាន់សាសនា ហិណ្ឌូ។ បុរសដើមកំណើតអាស៊ីរូបនេះ នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃព្រហស្បត្តិ៍ខាងមុខ ពោលគឺបន្ទាប់ពីមានការតែងតាំងពីព្រះមហាក្សត្រ។
ជាធម្មតានៅនាយករដ្ឋមន្ត្រីរបស់អង់គ្លេសគឺមានវ័យចន្លោះក្បែរ៥០ឆ្នាំឡើងរហូតទៅដល់៧០ឆ្នាំ ចំពោះនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រអង់គ្លេសគឺ លោក William Pitt the Younger ដែលមានឡើងកាន់តំណែងនៅវ័យ២៤ឆ្នាំ កាលពីឆ្នាំ១៧៨៣ និងបន្ទាប់មកគឺ លោក Rishi នេះហើយដែលឡើងកាន់នៅវ័យ៤២ឆ្នាំ។
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសរូបនេះមានម្ដាយឳពុកជាដើមកំណើតឥណ្ឌា ដែលបានចាកចេញពីអាហ្រិកខាងកើត ដើម្បីមករស់ប្រទេសអង់គ្លេស។ លោក Rishi ក៏បានចាប់កំណើតធំដឹងក្ដីនិងរៀនសូត្រនៅអង់គ្លេសនេះ ដោយរៀនចប់នៅសកលវិទ្យាល័យ Oxford នូវជំនាញទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងបានបញ្ចប់អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Stanford ផងដែរ។
លោក Rishi ជានាយករដ្ឋមន្ត្រីអង់គ្លេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតផងដែរ លោក និងភរិយាជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យា និងវិនិយោគធំៗប្រចាំអង់គ្លេស និងឥណ្ឌា ដោយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុប ៧៣០លានផោន (ប្រហែល ៨២៥លានដុល្លារ)។
ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស អាទិភាពរបស់លោកនឹងដឹកនាំអង់គ្លេសទាំងមូលដោយស្មោះត្រង់ ត្រឹមត្រូវ ឲ្យរួបរួមគ្នាតែមួយ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងវិបត្តិផ្សេងៗទៀតក្នុងស្រុក៕
Post a Comment