ដឹង​លទ្ធផល​ប្រឡង​បាក់ឌុប​របស់ អ្នក​ម្ដាយ​វ័យ ៥៦ឆ្នាំ​នៅ​បន្ទាយមានជ័យ​ហើយ

នៅ​ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី ៥-៦ អ្នក​ស្រី ហែម ស៊ីណាត បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​តែ​អ្នកស្រី គឺ​ជា​បេក្ខជន​វ័យ​ចំណាស់​ជាង​គេ​ដែល​បាន​ចូល​ប្រឡង​បាក់ឌុប​ឆ្នាំ​សិក្សា ២០២២។ ក្រោយ​ដំណឹង​នេះ មាន​ការ​រំពឹង​ទុក​ជា​ច្រើន អំពី​លទ្ធផល​របស់​ស្ត្រី​ចំណាស់ ឥឡូវ​លទ្ធផល​នោះ​បាន​ចេញ​មក​ហើយ។

តាម​គណនី Lav Tola Serey Sophorn ដដែល ដែល​ជា​អ្នក​បើក​បង្ហាញ​ដំបូង​គេ​ពី​បេក្ខជន​វ័យ ៥៦ឆ្នាំ បាន​បញ្ចេញ​នៅ​ថ្ងៃ​នេះ​ទៀត​អំពី​អ្នក​ស្រី ហែម ស៊ីណាត។ រូប​គេ​បាន​បង្ហោះ​សារ​ថា៖ "បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាយុ៥៦ឆ្នាំដែលមានវ័យចំណាស់ជាងគេទូទាំងប្រទេស អ្នកម្ដាយ ហែម សុីណាត គាត់បានប្រលងធ្លាក់ហើយ លេខតុ494 នៅមណ្ឌលសកល​វិទ្យាល័យជាតិមានជ័យ"។

អតីត​អ្នក​សង្កេត​ការ​បាក់ឌុប ២០២២ រូប​នេះ បាន​បញ្ជាក់​ថា រូប​គេ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ស្រី ហែម ស៊ីណាត អំពី​រឿង​នេះ ហើយ​ចម្លើយ​ដែលទទួល​បាន​មក​វិញ គឺ "មិនអីទេ..."។ "ខ្ញុំបានcallទៅអ្នកម្ដាយ ហើយប្រាប់ម្ដាយថាម៉ែបានប្រលងធ្លាក់ហើយ ម៉ែបាននិយាយថាមិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រលងទៀត ដើម្បីបំពេញក្ដីស្រម៉ៃរបស់ម៉ែ"។

ស្ថានភាព​បែប​នេះ យុវជន​យើង​បាន​កោតសរសើរ​ចំពោះ​អ្នក​ម្ដាយ ហែម ស៊ីណាត។ រូប​គេ​សរសេរ​សារ​ថា "សំរាប់មតិខ្ញុំផ្ទាល់ ខ្ញុំសូមកោដសរសើរចំពោះអ្នកម្ដាយដែលអ្នកម្ដាយធ្លាក់ហើយនៅតែញញឹមសើចឮសំលេងតាមទូរស័ព្ទបាន ម្ដាយប្រលងធ្លាក់ហើយនៅតែតាំងចិត្ដមិនរាថយ នៅក្នុងការតស៊ូ"៕



Powered by Blogger.