ក្រសួងលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានដល់ជិត ៥៥លានដុល្លារ
គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួនសរុប១១៨.០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨ ៥៣៣ ០៧០ ៨០០រៀល ស្មើនឹង ៥៤ ៦៣៣ ២៦៧ ដុល្លារ ក្នុងនោះរួមមាន៖ (១)លេខពិសេស លក់បានចំនួន ១០១ ៩២០លេខ ទទួលបានចំណូលសរុបស្មើនឹង ២៥ ៩៥៧ ៧៣៣ដុលា្លរ (២) លេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១៦ ១៣២លេខ ទទួលបានចំណូលសរុបស្មើនឹង ២៨ ៦៧៥ ៥៣៤ដុល្លារ។
នេះជាការបញ្ជាក់ក្នុងរបាយការណ៍ ជម្រាបទៅកាន់អង្គពិធី របស់ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងពិធីបើកព្រឹត្តិការណ៍ «អបអរសាទរ ខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ចំពោះលទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្ត សម្រេចបានចំណូលសរុបចំនួន ៨៣ ៤៥៩ ០៤៣ ៥០០រៀល ស្មើនឹង ២០ ៨៦៤ ៧៦១ ដុល្លារ មានការកើនឡើងចំនួន ២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ។
សូមជម្រាបថា លេខពិសេសផ្ទាល់ខ្លួន ជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បងប្អូនអាចចូលរួមគាំទ្របន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួន ដោយធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្ម Online របស់ក្រសួង ក្នុងការស្នើសុំសេវាសាធារណៈផ្សេងៗ ដូចជា ប្រព័ន្ធចុះបញ្ជីរថយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ឬប្រឡងយកបណ្ណបើកបរជាដើម បងប្អូនអាចធ្វើបានដោយខ្លួនឯង ដោយងាយស្រួល មិនស្មុគស្មាញ ចំណាយពេលវេលា និងកាត់បន្ថយការ ចំណាយក្រៅផ្លូវការ៕
Post a Comment