ត្រឹម២ថ្ងៃដំបូង បុណ្យទន្លេមានពលរដ្ឋជាង៤០ម៉ឺននាក់ទៅទស្សនាកម្សាន្ត

 កំពង់ធំ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា៖ «ចំនួន​ប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨ ៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥ ០០០នាក់ សរុប៤០៣ ៥០០នាក់»

នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិពណ៌សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិពណ៌កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការរៀបចំពិពណ៌នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។ យ៉ាងណា ឯកឧត្ដមរដ្ឋមន្ត្រីធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំនេះ​នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត៕

Powered by Blogger.