រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ជាគោលការណ៍ពេលប្រឡងជ្រើសរើសមន្ត្រីដីតាមក្រសួង ស្ថាប័ន និងមន្ទីរនានា ត្រូវមានស្រ្ដីពី៣០ភាគរយ ទៅ ៥០ភាគរយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ជាគោលការណ៍នៅពេលមានការប្រឡងតាម ក្រសួង ស្ថាប័ន មន្ទីរ នានា ត្រូវជ្រើសរើស និងត្រូវមាននារី ឱ្យចូលធ្វើការពី ៣០ភាគរយ ទៅ ៥០ភាគរយ ហើយការតែងតាំងជាថ្នាក់ដឹកនាំក៏ត្រូវមាននារី ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះស្រ្តី ។ 

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីការឆ្លើយតបសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេស យេនឌ័រ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ដស្វាយរៀង។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា អ្វីដែលសំខាន់គឺត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពបង្កើនចំនួនស្រ្តីឱ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ និងគ្រប់កម្រិត ទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងឱកាស បំពេញការងារតាមតួនាទីរបស់ពួកគាត់ ។ ឯកឧត្ដមក៏បានជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្ដីឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវសហការគ្នាបង្កើតឱ្យមានមូលដ្ឋានស្ថិតិរួមជាផ្លូវការមួយ ដែលអាចតាមដាននិងវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សា ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន តែងតែងជំរុញដល់មន្ទីរព័ត៌មាន រាជធានី ខេត្ត ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវបន្តដើរតួនាទីមួយដ៏សំខាន់បំផុត ដែលមិនអាចខ្វះបានគឺធ្វើជាស្ពានចម្លងនូវរាល់គោលនយោបាយ គោលការណ៍ទាំងឡាយ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងពាំនាំមតិយោបល់ សំណូមពរ និងបំណងប្រាថ្នាផ្សេងៗរបស់ប្រជាពលរដ្ឋ មកឆ្លុះបញ្ចាំងជូនរាជរដ្ឋាភិបាលវិញ ។

ឯកឧត្តម ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានជម្រាបជូនពីសភាពការណ៍រួមនៅទូទាំងខេត្ត ដែលកំពុងដំណើរការទៅយ៉ាងរលូន ហើយក្នុងនោះកូនចៅរបស់បងប្អូនប្រជាពលរដ្ឋ មានការងារធ្វើច្រើននៅតាមបណ្តារោងចក្រសហគ្រាសនានា ក្នុងខេត្តស្វាយរៀង និងក្រុងបាវិត។ ឯកឧត្ដមបានលើកឡើងថា បើតាមតូលេខប្រាក់ខែដែលបានបើកជូនកម្មករ កម្មការិនី ទាំងអស់ដែលកំពុងបំពេញការងារក្នុង១ឆ្នាំ សរុបប្រមាណ ២០ លានដុល្លារ ។

ឯកឧត្ដមអភិបាលរងខេត្ដបានបន្ថែមថា អ្វីជាមោទនភាពរបស់ខេត្តស្វាយរៀង ដែរនោះ គឺមានរោងចក្រផលិតកង់ប្រណាំងដែលមានតម្លៃថ្លៃៗ រហូតដល់កង់១គ្រឿង ថ្លៃដល់ខ្ទង់ម៉ឺនដុល្លារ សម្រាប់នាំចេញយកលក់ទៅកាន់ទីផ្សារបរទេស ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសម្ដែងនូវការអរគុណចំពោះគណៈអភិបាលខេត្តស្វាយរៀង ដែលបានជួយសហការជាមួយក្រុមការងារយេនឌ័រ ក្រសួងព័ត៌មាន ដើម្បីរៀបចំជាសិក្ខាសាលានេះឡើង ដែលជាជំហានមួយក្នុងការជួយរុញកម្រិតនៃសិទ្ធិសេរីភាព និងតូនាទីរបស់នារី នៅក្នុងសង្គមជាតិ ។ ដូច្នេះ បងប្អូនជាស្រ្តីត្រូវយល់ដឹងអំពីភារកិច្ចសិទ្ធិ របស់ខ្លួនរួមទាំងច្បាប់ផងដែរ។ ទន្ទឹមនេះ ស្រ្តីត្រូវតែមានជំនាញក្នុងកិច្ចការងារ រួមទាំងប្រជាប្រិយភាព ដើម្បីអាចបំពេញការងារជាថ្នាក់ដឹកនាំបាន និងជួយអោយអ្នកដទៃអាចជួយកិច្ចការងារខ្លួនបាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា តូនាទីជាអ្នកដឹកនាំត្រូវមានសមត្ថភាពជំនាញ និងអាចធ្វើការរួបរួមសាមគ្គីគ្នា ដើម្បីដឹកនាំមន្រ្តី បុគ្គលិកក្រោមឱវាទ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់លាស់ក្នុងពេលបំពេញភារកិច្ច និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ហើយក៏ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងផងដែរ ។

សូមជម្រាបជូនថា ប្រធានបទនៃសិក្ខាសាលាថ្ងៃនេះ បានលើកឡើងអំពីសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចបានកន្លងមក ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅក្នុងប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធិជាមូលដ្ឋានរបស់នារី និងកសាងផែនការសកម្មភាពបន្តអនុវត្តន៍។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្ត្រី ខ្មែរក្នុងសង្គម ជំរុញការអភិវឌ្ឍស្ត្រីលើគ្រប់ផ្នែក លុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី លើកទឹកចិត្តការចូលរួមដ៏សកម្មរបស់ស្រ្តី ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបន្តលើកកម្ពស់ សមភាពយេនឌ័រ និងសិទ្ធិរបស់ស្ត្រី ៕






Powered by Blogger.