សម្តេចពិជ័យសេនា ទៀ បាញ់ ប្រាប់ឱ្យអាជ្ញាធរ មិនត្រូវចុះហត្ថលេខាលើឯកសារទិញលក់ ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ តំបន់គម្របព្រៃឈើជាដាច់ខាត

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញឱ្យ អាជ្ញាធរខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយ ណែនាំ ដល់ប្រជាពលរដ្ឋ រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យខិតខំការពារបរិស្ថាន ធនធានធម្មជាតិ ជាពិសេសត្រូវ រួមគ្នាទប់ស្កាត់សកម្មភាពរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ នៅតាមតំបន់ ការពារធម្មជាតិ គម្របព្រៃឈើ។

ក្នុងករណីរកឃើញសកម្មភាពដោយខុសច្បាប់ទាំងនេះ អាជ្ញាធរនិងសមត្ថកិច្ចត្រូវ ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយអាជ្ញាធរភូមិ ឃុំ ទាំងអស់ មិនត្រូវចុះហត្ថលេខាលើឯកសារទិញលក់ និងកាន់កាប់ដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ តំបន់គម្របព្រៃឈើជាដាច់ខាត។

សម្តេចពិជ័យសេនាបានបន្តថា រដ្ឋបាលខេត្តសៀមរាប ត្រូវពិនិត្យឡើងវិញនូវ យន្តការនានា ដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លី និងសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាដីធ្លីឱ្យបានលឿនទាន់ពេលវេលា និងមានប្រសិទ្ធភាព និងត្រូវធ្វើយ៉ាងណាកុំឱ្យមានទំនាស់ដីធ្លីថ្មីកើតឡើងបន្តទៀត។ ព្រោះថា កន្លងមកនេះ បញ្ហាជម្លោះដីធ្លីនេះតែងតែកើតឡើងជាប្រចាំ។

ការលើកឡើងរបស់សម្តេចបែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបង្ហាញថា ដើម្បីឆ្លើយតបនឹងគោលនយោបាយ កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ និងកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម-ជាតិ រដ្ឋបាលខេត្ត បានពង្រឹងការគ្រប់ គ្រងពន្ធនាគារ ការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស ការដោះស្រាយ ពាក្យបណ្តឹង សំណើ-សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ កិច្ចសហប្រតិបត្តិការខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព ការងារផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការងារអប់រំ ការងារ សុខាភិបាល ការងារបរិស្ថាន ការងាររៀបចំ-ដែនដី នគរូបនីយកម្ម និងសំណង់ ការងាររ៉ែ និងថាមពល ការរៀបចំទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើលំនៅឋាន នៅរមណីយដ្ឋានអង្គរ ព្រមទាំងការងារកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាបជាដើម៕





Powered by Blogger.