ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន កៀរគរថវិកាបានជាង២០ម៉ឺនដុល្លារយកគាំទ្រសកម្មភាពយុវជននៅមូលដ្ឋានខេត្តបន្ទាយមានជ័យ(FN)
បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រជាធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានកៀរគរថវិកាពីសប្បុរសជនបានជាង២០ម៉ឺនដុល្លារ ដើម្បីយកគាំទ្រសកម្មភាពយុវជននៅមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ការកៀរគរទទួលបានថវិកាសប្បុរសធម៌នេះ គឺក្នុងពិធីអាហារសាមគ្គី ក្រោយបិទបព្ចាប់សន្និបាតបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យរួចមក នាយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងពិធីអាហារសាមគ្គីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់វិស័យឯកជន សប្បុរសជន និងក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្ស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យសាសនា វិស័យឯកជន អង្គការមហាជន និងសប្បុរសជនទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលបានបន្តខិតខំរួមសាមគ្គី ចូលរួមការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ចែករំលែក និងកៀរគរធនធាន ព្រមទាំងបានលះបង់កម្លាំងកាយចិត្តចុះតាមមូលដ្ឋានជាទៀងទាត់។
លោក កែ គឹមយ៉ាន បានកោតសរសើរចំពោះក្រុមការងារដែលបានចូលរួមទប់ស្កាត់បានរាល់ការប៉ុនប៉ងនានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចិញ្ចឹមចិត្តបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាព ធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល និងសូមឱ្យបន្តការងាររបស់យើងទៅមុខទៀត៕
Post a Comment