អតីត​មេ​​ CIA ថាទាល់​តែ​លោក​ពូទីន​ស្លា.ប់​ ទើប​សង្គ្រាម​អ៊ុយក្រែន​ចប់​​​​

“លោក​ពូទីន​ប្រៀប​បាន​នឹង​​មនុស្ស​ស្លាប់​​​ដែល​ចេះ​កម្រើក​។ ដូច្នេះ​ មាន​តែ​ការ​បញ្ចប់​ជីវិត​របស់​គាត់​តែ​ប៉ុណ្ណោះ​ ទើប​​សង្គ្រាម​អ៊ុយក្រែន​អាច​បញ្ចប់​ទៅ​វិញ​ជា​ស្ថាពរ​​​” ជេមស៍ អូលសុន អតីត​មេ​ចារកម្ម​ស៊ី​អាយអេ។


ខាង​លើ​នេះ​ជា​​ការ​បំផ្លោង​សំនួន​វោហារ​សាស្ត្រ​របស់​អតីត​មេ​ចារកម្ម​ស៊ី​អាយ​អេ​​ លោក​ជេម៍ អូលសុន (James Olson)។ លោក​​​ធ្លាប់​បម្រើ​ការ​ជា​ប្រធាន​ផ្នែក​ប្រឆាំង​ចារកម្ម​នៃ​អង្គភាព​ស៊ើប​ការណ៍​សម្ងាត់​​ស៊ីអាយ​អេ​(CIA)​រយៈ​ពេល​ជាង​៣០​ឆ្នាំ​​។​ នេះ​មិន​មែន​ជា​ការ​និយាយ​ប្រមាថ​អាយុ​ជីវិត​​​​មេដឹក​នាំ​ប្រទេស​មហា​អំណាច​នោះ​ទេ​។ ប៉ុន្តែ​ជា​ការ​និយាយ​​​ដោយ​ផ្អែក​តាម​ការ​ប្រមើល​មើល​ពី​ស្ថានការណ៍​បច្ចុប្បន្ន និង​អនាគត​នៃ​សង្គ្រាម​អ៊ុយក្រែន​។​

លោក​ជេមស៍ អូលសុន (អតីត​ប្រធាន​ផ្នែក​ប្រឆាំង​ចារកម្ម​របស់​ស៊ី​អាយ​អេ)

​លោក​អូលសុន​​ថ្លែង​​ថា​លោក​ពូទីន​​​កំពុង​ដើរ​ដល់​​ផ្លូវ​ទាល់​ ដែល​គ្មាន​​សង្ឃឹម​ថា​នឹង​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​​​សង្គ្រាម​អ៊ុយ​ក្រែនទេ​​។​​ លោកយល់​ថា​​ផ្លូវ​មាន​២​​។​ ​ទី​១- សង្គ្រាម​​​នឹង​​បន្ត​រ៉ាំរ៉ៃ​ដោយ​​​គ្មាន​អ្នក​ឈ្នះ​ និង​គ្មាន​អ្នក​ចាញ់​​​ ​និង​ទី​២- ​សង្គ្រាម​​អាច​បិទ​បញ្ចប់​​ទៅ​វិញ​​​នៅ​ពេល​លោក​ពូទីន​អស់​​អាយុ​​សង្ខារ​។​ ​​លោក​​យល់​​ថា​ដរាប​ណា​លោក​ពូទីន​នៅ​មាន​ជីវិត​រស់​នៅ​លើ​ភព​ផែន​ដី​នេះ, លោក​​មិន​អាច​ចុះ​ចាញ់​សង្គ្រាម​​ជា​ដាច់​ខាត​​។ ​បាន​ជា​ជ្រុល​ក្បាល​ក្រពើ​​ដល់​ដំណាក់​កាល​នេះ​​ហើយ​, លោក​មិន​អាច​ថយ​ក្រោយ​វិញ​បាន​ទេ​​​។

​​លោក​អូលសុន​នៅ​តែ​​និយាយ​ដដែល​ឡើង​វិញ​ថា​នៅ​ក្នុង​​​​​សង្គ្រាម​​​អ៊ុយក្រែន​នេះ​​​​ ​ជម្រើស​​ដែល​សម​ស្រប​បំផុត​មាន​តែ​​​​មួយ​​គត់​គឺ​​​បញ្ចប់​ជីវិត​​​លោក​ពូទីន​ ឬ​បណ្ដេញ​គាត់​ចេញ​ពី​អំណាច​​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​។​

​លោក​អូលសុន​យល់​ថា​​លោក​ពូទីន​គ្មាន​ជម្រើស​ល្អ​សម្រាប់​ខ្លួន​ទាល់​តែ​សោះ​​​។ ទោះ​ជា​គាត់​​ចង់​ចេញ​ទៅ​តាម​​ច្រក​ណា​​​ក៏​សុទ្ធ​តែ​មាន​បញ្ហា​ទាំង​អស់​។ ​មិន​ថា​នៅ​ក្នុង​ចំណោម​ក្រុម​​មហា​សេដ្ឋី​​​, ​​​​មន្ត្រី​យោធា ឬ​អ្នក​ដែល​ចង់​ងើប​បះ​បោរ​ប្រឆាំង​នឹង​រូប​​គាត់​​នោះ​ទេ​​។​

​​គិត​ទៅ, យុទ្ធ​ជន​រុស្ស៊ី​ស្លាប់​ និង​របួស​ជាង​១​​​​​សែន​ ៧​ម៉ឺន​នាក់​ ប៉ុន្តែ​​​លោក​ពូទីន​មិន​ទាន់​សម្រេច​ទៅ​តាម​គោល​ដៅ​ដែល​បាន​ដាក់​ចេញ​នៅ​ឡើយ​ទេ​​។ ​​រុស្ស៊ី​អាច​ដឹង​ដោយ​ខ្លួន​ឯង​ថា​ខ្លួន​កំពុង​ជាប់​ផុង​នៅ​ក្នុង​សង្គ្រាម​។ ស្រួល​មិន​ស្រួល​, វា​អាច​នឹង​ក្លាយ​ជា​សង្គ្រាម​រ៉៉ាំ​រ៉ៃ​ដែល​អូស​បន្លាយ​ពេល​យូរ​អង្វែង និង​​បន្ត​ឆក់​យក​ជីវិត​យុទ្ធ​ជន​​​ដោយ​មិន​ដឹង​ថា​​ថ្ងៃ​ណា​ទើប​​​បញ្ចប់​ទៅ​វិញ​​។​

​ជោគ​វាសនា​របស់​លោក​ពូទីន​​​អាច​​នឹង​ជួប​​​រឿង​ល្អ​ទៅ​បាន​ ​លុះ​ត្រា​​តែ​​រុស្ស៊ី​​​ឈ្នះ​សង្គ្រាម។​​ បើ​មិន​​​ដូច្នេះ​ទេ​​,​ លោក​អាច​នឹង​​មាន​​​វាសនា​អាក្រក់​។​​ លោក​អូលសុន​សម្លឹង​ឃើញ​ថា​អ្វី​ៗ​គ្រប់​យ៉ាង​មិន​ប្រាកដ​ជា​​អាច​​បញ្ចប់​ទៅ​ដោយ​រលូន​នោះ​ទេ​សម្រាប់​លោក​ពូទីន​។​ ​

អតីត​មេ​ស៊ីអាយអេ​រូប​នេះ​ពន្យល់​ថា​លោក​ពូទីន​ស្មាន​ខុស​ និង​​​មាន​មោទ​ក​ភាព​​ខ្លាំង​​​។ លោក​ស្មាន​ថា​​​កងទ័ព​រុស្ស៊ី​នឹង​​មាន​ជោគ​ជ័យ​នៅ​លើ​សមរភូមិ​ព្រោះ​​​ឧត្ដម​សេនីយ៍​​កំពូល​ៗ​​របស់​លោក​ពូកែ​បញ្ជា​ទ័ព​​។ ប៉ុន្តែ​ជាក់​ស្ដែង​, អ្វី​ៗ​មិន​ដូច​ការ​ស្មាន​ទាល់​តែ​សោះ​​​។

​លោក​​អូល​សុន​មាន​ជំនឿ​ថា​​លោក​ពូទីន​មិន​អាច​​​ឈ្នះ​សង្គ្រាម​​​ទេ ប៉ុន្តែ​លោក​ក៏​មិន​ចុះ​ចាញ់​សង្គ្រាម​ដែរ​។​​​ លោក​នឹង​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​​។ ដូច្នេះ ដរាប​ណា​លោក​ពូទីន​​បន្ត​កាន់​អំណាច​, ​សង្គ្រាម​​នៅ​តែ​​អូស​បន្លាយ​​គ្មាន​ថ្ងៃ​បញ្ចប់​​​។ ​ប៉ុន្តែ​លោក​​លោក​ពូទីន​ទំនង​ជា​​​​មិន​អាច​​ឈរ​ជើងបាន​យូរ​ទេ​​​។ ​លោក​អាច​នឹង​ត្រូវ​គេ​ដក​ហូត​ពី​អំណាច​នៅ​ថ្ងៃ​ណា​មួយ​។​

​​សព្វ​ថ្ងៃ​នេះ​មាន​ចលនា​ប្រឆាំង​នឹង​លោក​ពូទីន​​ក៏​មិន​តិច​ដែរ​នៅ​ក្នុង​​ជួរ​កងទ័ព​, ​ក្រុម​​ចារកម្ម​​ និង​ពួក​​មហា​សេដ្ឋីគ្រាក់​ៗ​​ដែល​ធ្លាប់​នៅ​ជុំ​វិញ​​​​លោកពូទីន​។​ ពួក​គេ​ចាប់​ផ្ដើម​រង្គាស​ចិត្ត​ចំពោះ​លោក​ពូទីន​។​ ​​​តាំង​ពី​យូរ​មក​ហើយ​, ​​លោក​ពូទីន​​រស់​នៅ​ទាំង​​មិន​ស្រណុក​ចិត្ត។ ​លោក​ខ្លាច​មាន​ចលនា​បះ​បោរ​ ឬ​​រដ្ឋ​ប្រហារ​ផ្ទៃ​​ក្នុង​។​ ​លោក​អូលសុន​​យល់​​ថា​លោក​ពូទីន​កំពុង​បំផ្លាញ​ប្រទេស​រុស្ស៊ី​។ ​​​ជន​ជាតិ​រុស្ស៊ី​ដែល​មាន​គំនិត​ស្នេហា​ជាតិ​ពិត​ប្រាកដ​នឹង​យល់​ច្បាស់​ថា​គេ​ទុក​លោក​ពូទីន​ត​ទៅ​ទៀត​មិន​កើត​ទេ​​​។​

​សេណារីយោ​មាន​ច្រើន​។ ​​លោក​ពូទីន​អាច​នឹង​ត្រូវ​គេ​ដក​ហូត​ពី​អំណាច ប៉ុន្តែ​មិន​ប៉ះ​ពាល់​ជីវិត​របស់​គាត់​ទេ​។ ​លោក​អូល​សុន​គិត​ថា​ការ​ធ្វើ​ឃាត​លោក​ពូទីន​ក៏​​ជា​​សេណារីយា​ដែល​អាច​កើត​ឡើង​ផង​ដែរ​​​​​​។​ ​​​លោក​ពូទីន​ចប់​ពេល​ណា​, សង្គ្រាម​អ៊ុយ​ក្រែន​​ចប់​ពេល​ហ្នឹង​​។ ​ជន​ជាតិ​​រុស្ស៊ី​​រង​ទុក្ខ​​រាល់​ថ្ងៃ។ ពួក​គេ​​ស្លាប់​បង​ ស្លាប់​ប្អូន​ ស្លាប់​កូន​​របស់​ខ្លួន​​ដោយ​សារ​​សង្គ្រាម​​អ៊ុយក្រែន​​។ លោក​ពូទីន​​​បង្ហូរ​ឈាម​ជនជាតិ​រុស្ស៊ី​ជា​រៀង​រាល់​ថ្ងៃ​។ ​ដូច​នេះ គេ​មិន​​អាច​បណ្ដោយ​ឱ្យ​គាត់​ធ្វើ​បែប​នេះ​ដោយ​គ្មាន​ទី​បញ្ចប់​នោះ​ទេ៕​

Powered by Blogger.