ស្ថាប័ន WMO ចេញលិខិតផ្លូវការដកហូតខ្សែក្រវាត់ពីធីអាហ្គោ

នៅទីបំផុតស្ថាប័ន WMO World Muay Thai Organization បានចេញលិខិតផ្លូវការហើយ ដោយបានដកហូតខ្សែក្រវាត់ WMO ពីកីឡាករធីអាហ្គោ និងបិទមិនឱ្យប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំដោយស្ថាប័នមួយនេះនាពេលអនាគត។ នៅក្នុងសេចក្តីថ្លែងការ បានឱ្យដឹងថា កីឡាករ ធីអាហ្គោ ប្រព្រឹត្តិខុស​លក្ខន្តិកនៃបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន WMO ដោយបានប្រកួតដណ្តើមខហសែក្រវាត់គុនថៃ(មួយថៃ) ប៉ុន្តែបែរទៅគាំទ្រក្បាច់គុនមួយផ្សេងទៀត...។

ក្រោយដណ្តើមបានខ្សែក្រវាត់ WMO World Muay Thai កាលពីថ្ងៃទី១មេសា ពីកម្មវិធី "Apex Fight Series" នៅប្រទេសអាល្លឺម៉ង់កន្លងទៅ កីឡាករ ធីអាហ្គោ តេចស៊ីរ៉ា បានប្រកាសជាសាធារណថា រូបគេឡើងប្រកួតដណ្តើមខ្សែក្រវាត់នេះ គឺតំណាងឱ្យគុនខ្មែរ មិនមែនមួយថៃទេ។ សកម្មភាពស្លៀកខោគុនខ្មែរ ចងទង់ជាតិខ្មែរនៅជាប់នឹងខ្លួន បានធ្វើឱ្យអ្នកគាំទ្រថៃ និងសហព័ន្ធWMOដែលជ្រកក្រោមស្ថាប័នមួយថៃផ្ទុះកំហឹង និងបានគំរាមដកខ្សែក្រវាត់ដែលដណ្តើមបានវិញនោះផងដែរ។ យ៉ាងណា នៅវេលាម៉ោង២ៈ៣០នាទីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ស្ថាប័ន WMO បានចេញលិខិតផ្លូវការបង្ហោះនៅលើផេក ដោយបញ្ជាក់ពីទោសកំហុសរបស់កីឡាករ ធីអាហ្គោ និងបានប្រកាសដកខ្សែក្រវាត់នោះទៅវិញ។

នៅក្នុងសារលិខិតនោះ បានគូសបញ្ជាក់ថា «កីឡាករ Teixeira បានហ្វឹកហាត់ និងរៀនប្រដាល់មួយថៃ អស់ជាច្រើនឆ្នាំរហូតទទួលបានការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។ គាត់ថែមទាំងមានស្នាមសាក់ជាមួយនឹងពាក្យ "មួយថៃ" ដែលបានសរសេរនៅពីលើខ្នងរបស់គាត់។ គាត់រស់នៅលើកោះសាមុយក្នុងប្រទេសថៃ ដោយបានជិះរថភ្លើងទៅបង្វឹក និងហ្វឹកហាត់នៅទីនោះ ដោយមានក្លឹបជាកម្មសិទ្ធិមួយឈ្មោះ "Super 8 Muay Thai" និងបានអះអាងកន្លងមកថា នឹងជួយផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាប្រដាល់មួយថៃ នៅឯកីឡដ្ឋានមួយក្នុងប្រទេសថៃផងដែរ។ ពេលនេះ ​កីឡាករធីអាហ្គោ បែរជា​អះអាង​ថា ​លោក​មិន​មែន​ជា​អ្នក​ប្រដាល់មួយថៃទៀត​ទេ ហើយ​ជំនួស​មក​វិញ​នូវ​បំណង​ចង់​បន្ត​ និង​តំណាង​ឱ្យ​សិល្បៈ​ក្បាច់​គុន​មួយ​ផ្សេងទៀត។» បន្ថែមលើនេះ សារលិខិតដដែលនោះ បានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យមើលយ៉ាងហ្មត់ចត់នូវសកម្មភាពរបស់គាត់ទាំងមុន និងក្រោយការប្រកួត យើងបានរកឃើញអាកប្បកិរិយារបស់គាត់ ធ្វើឱ្យកីឡាប្រដាល់មួយថៃ មានភាពអាប់ឱន។ សកម្មភាពរបស់កីឡាករ ធីអាហ្គោ មានហេតុផលនយោបាយ និងបង្ហាញពីការមិនចូលចិត្តកីឡាមួយថៃ ក្នុងគោលបំណងបង្ខូចកីឡាជាតិរបស់ប្រទេសថៃ និងញុះញង់ឱ្យមានការស្អប់ខ្ពើម។

គាត់បាន​បន្ទាប​ខ្លួន​ឯង ​ទាំងដែលគាត់កំពុង​ប្រកបអាជីពរបស់គាត់នៅក្នុងប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពី លោក ហ្ការី បារ៉េត Gary Barrett ​ដែលជាប្រធាន WMO នៅប្រទេសអាល្លឺម៉ង់ និង​ជា​អ្នក​ផ្សព្វផ្សាយ​កម្មវិធី Apex Fight Series ផងដែរ។ កន្លងមក លោក Barrett មិនត្រឹមតែផ្តល់ឱកាសឱ្យគាត់ដ៏អស្ចារ្យ ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី WMO Muay Thai World Title Fight ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនក្បាច់គុនមួយថៃឱ្យគាត់ នៅឯកន្លែងរបស់គាត់(លោក ហ្ការី បារ៉េត) នាប្រទេសអាល្លឺម៉ង់ថែមទៀតផង។ ដោយឈរលើមូលដ្ឋាននេះ និងហេតុផលដែលមានចែងខាងលើ គាត់(កីឡាករ ធីអាហ្គោ) ត្រូវបានដកហូតខ្សែក្រវាត់ WMO World Title របស់គាត់ជាផ្លូវការ និងត្រូវបានហាមឃាត់សកម្មភាពនានារបស់ WMO នាពេលអនាគតទាំងអស់។ ទោះយ៉ាងណា SBM News មិនទាន់ទទួលបានការបំភ្លឺពីកីឡាករ ធីអាហ្គោ ជុំវិញករណីដកហូតខ្សែក្រវាត់នេះនៅឡើយទេ..៕

Powered by Blogger.